គម្រោង «ព្រែកជីកហ្វូណនតេជោ» បាន​ឈាន​ទៅមុខ​មួយជំហាន​ទៀតហើយ

  • 2023-10-18 02:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ផ្លូវនាវាចរណ៍ «ព្រែក​ជីកហ្វូណនតេជោ» បាន​បោះជំហាន​ទៅមុខ​ទៀតហើយ ដោយ​ឯកឧត្តម ស៊ុនចាន់ថុល ឧបនាយករដ្ឋមន្រ្តី តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងក្របខណ្ឌគម្រោង​នេះ ជាមួយ​ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ ពិធី​ចុះហត្ថលេខានេះ ធ្វើឡើង​ក្នុងក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

សូមជម្រាប​ថា គម្រោង​នេះ មាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីចំណុចព្រែកតាកែវ​ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែក​តាឯក​នៃទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់​ស្រុកកោះធំ និង​បន្តរហូតដល់​សមុទ្រខេត្តកែប ពោលគឺ​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦លាននាក់ រស់នៅ​អមសងខាង​ផ្លូវទឹកនេះ។

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦%។

គម្រោង «ព្រែកជីក​ហ្វូណន​តេជោ» នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី