Ronaldo ធ្លាប់មានជំងឺបេះដូង ប៉ុន្តែឧបសគ្គនេះមិនអាចបញ្ឈប់គេបានឡើយ រហូតក្លាយជាកីឡាករឆ្នើម

  • 2023-10-18 03:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Cristiano Ronaldo មានឈ្មោះពេញថា Cristiano Ronaldo dos Santos Aveiro កើតនៅថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 1985 នៅ Madeira ប្រទេសព័រទុយហ្គាល់។ មានឪពុកឈ្មោះ Jose Dinis Aviro ជាប្រធានគ្រប់គ្រងសម្ភារៈនៃក្លឹបបាល់ទាត់ក្នុងស្រុកមួយឈ្មោះថា Andorinha។

ឈ្មោះ Ronaldo ត្រូវបានបន្ថែមពីក្រោយ Cristiano ដោយសារតែកាលពីពេលនោះ ឪពុករបស់ Ronaldo ពេញចិត្តនឹងតួសម្តែងភាពយន្ត ម្នាក់ឈ្មោះថា Ronald Reagan ដែលបានក្លាយជាប្រធានាធិបតីអាមេរិក នៅពេលដែល Ronaldo បានចាប់កំណើត។ នៅអាយុ 15 ឆ្នាំ Ronaldo ត្រូវបានរកឃើញថាមានជំងឺបេះដូង ដែលតម្រូវឱ្យមានការវះកាត់ជាបន្ទាន់។ ជាភ័ព្វសំណាង ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានវះកាត់ដោយជោគជ័យ និងព្យាយាមបន្សាំខ្លួនបន្តិចម្តងៗ រហូតជាសះស្បើយ 100 ភាគរយ។ Ronaldo បានចូលលេងបាល់ទាត់ដំបូងនៅក្លឹប Clube Desportivo Nacional of Madeira និងបន្ទាប់មកទៀតបាន ផ្ទេរទៅកាន់ក្លឹប Sporting Clube de Portugal (Sporting Lisbon) ជាទីកន្លែងដែលរូបគេលេងឈុតយុវជន មុនពេលឡើងទៅលេងឱ្យឈុតធំ នៅក្នុងឆ្នាំ 2002។

មានកម្ពស់ 1.85 ម៉ែត្រ ជាការអំណោយផលសម្រាប់ តួនាទីលេងជាខ្សែប្រយុទ្ធសម្រាប់ Ronaldo។ កាលពីផ្តើមដំបូង រូបគេលេងជាខ្សែប្រយុទ្ធស្លាបស្តាំ បន្ទាប់មកបានអភិវឌ្ឍន៍ខ្លួនជាខ្សែប្រយុទ្ធពេញតួ។ ក្រោយពីជោគជ័យមួយរដូវកាលនៅ Sporting Lisbon បានធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅ ទ្វីបអឺរ៉ុប។ Ronaldo បានចុះកុងត្រាជាមួយក្លឹបអង់គ្លេស ដែលកាលណោះជាក្លឹបដែលកំពុងឡើងជើងខ្លាំង គឺបិសាចក្រហម Manchester United នៅក្នុងឆ្នាំ 2003។ នៅទឹកដីអង់គ្លេស រូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អ និង បានបង្កើតសមត្ថភាពក្លាយជាខ្សែប្រយុទ្ធ ដ៏មុតស្រួចម្នាក់។ រដូវកាលដែលរូបគេជោគជ័យបំផុតជាមួយ Man Utd គឺនៅអំឡុងឆ្នាំ 2007-2008 នៅពេលដែលរូបគេអាចស៊ុតបញ្ចូលទី បាន 42 គ្រាប់នៅក្នុងលីក និង ពាន Cup និងបានឈ្នះស្បែកជើងមាស ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅលីកបាល់ទាត់អឺរ៉ុប។

បន្ទាប់ពីបានជួយឱ្យក្លឹប Man Utd ឈ្នះពាន Champions League នៅក្នុងឆ្នាំ 2008 Ronaldo បានឈ្នះពានកីឡាករល្អបំផុតលើលោក ប្រចាំឆ្នាំរបស់ FIFA។ នៅរដូវកាលបន្ទាប់ ក្នុងឆ្នាំ 2009 Ronaldo បានជួយ Man Utd ម្តងទៀត ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ប៉ុន្តែបានចាញ់ FC Barcelona។ នៅក្នុងវិថីបាល់ទាត់ Ronaldo បានផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញ ជាទីកន្លែងដែលរូបគេបានលេងឱ្យក្លឹប Real Madrid ដែលជាក្លឹបមួយដែលមានពាក្យចចាមអារ៉ាមថា រូបគេនឹងផ្លាស់ទៅលេងនៅទីនោះជាច្រើនដង។ Real Madrid បានទិញ Ronaldo ទៅកាន់ទឹកដី Santiago Bernabeu នៅក្នុងតម្លៃខ្លួនដ៏ច្រើនលើសលប់នៅពេលនោះ គឺ 131 លានដុល្លារអាមេរិក។

ថ្វីជើងស៊ុតបញ្ចូលទីរបស់ Ronaldo នៅតែខ្លាំង និងមុតស្រួចនៅទឹកដីអេស្ប៉ាញ ដោយរូបគេរកគ្រាប់បាល់បាន 40 គ្រាប់ នៅក្នុងលីកកំពូលអេស្ប៉ាញ La Liga ក្នុងរដូវកាល 2010- 2011។ នៅក្នុងរដូវកាល 2011-2012 Ronaldo បានជួយ Real Madrid ឈ្នះពាន La Liga និងបានស៊ុតបញ្ចុលទី 46 គ្រាប់នៅពេលនោះ។ រូបគេបានស៊ុតបញ្ចូលទី 66 គ្រាប់ នៅក្នុងការបង្ហាញខ្លួន 56 លើក ជាមួយ Real Madrid និង ជម្រើសជាតិព័រទុយហ្គាល់ នៅក្នុងឆ្នាំ 2013 ដោយធ្វើឱ្យរូបគេបានឈ្នះពាន កីឡាករល្អបំផុតលើលោករបស់ FIFA នៅឆ្នាំនោះ។

នៅខែកក្កដា ឆ្នាំ 2018 Ronaldo បានព្រមព្រៀងចុះកុងត្រារយៈពេល 4 ឆ្នាំ ជាមួយក្លឹបអ៊ីតាលី Juventus នៅក្នុងតម្លៃខ្លួន 132 លានដុល្លារ។ ខ្សែប្រយុទ្ធរូបនេះ បានចាកចេញពី Real Madrid ដោយកំណត់ត្រាស៊ុតបញ្ចូលទី បាន 311 គ្រាប់ នៅក្នុងការបង្ហាញខ្លួន 292 ប្រកួត។ Ronaldo បានចាប់ផ្តើមវាយលុកលីកបាល់ទាត់អ៊ីតាលី ដោយរកគ្រាប់បាល់បាន 28 គ្រាប់ នៅក្នុងរដូវកាលដំបូង ជាមួយ Juventus។ រូបគេ បានជួយឱ្យក្លឹបសេះបង្កង់ Juventus ឈ្នះពានលីកកំពូល នៅក្នុងរដូវកាល 2019-2020។ ប៉ុន្មានខែបន្ទាប់ពីរដូវកាល 2021 Ronaldo បានសម្រេចចាកចេញពី Juventus និងវិលត្រឡប់ទៅកាន់ Manchester United វិញ។ ប៉ុន្តែការវិលត្រឡប់ទៅរកទ្រលំចាស់ ដែលធ្លាប់ធ្វើឱ្យខ្លួនល្បីល្បាញនោះ មិនទទួលបានជោគជ័យទេ ដោយលេងបានត្រឹមរយះពេលខ្លី ទាំងភាគី Ronaldo និង Man Utd បានសម្រេចចែកផ្លូវគ្នា នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022។ រំលងបានប៉ុន្មានខែ Ronaldo បានសម្រេចចុះកុងត្រាលេងឱ្យក្លឹប Al Nassr នៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត៕

អត្ថបទ ៖ សង្ហា