នាយករដ្ឋមន្រ្តីថៃ ខ្ចី​ Tesla របស់​ភរិយា​យកមកជិះ​ ដើម្បីឆក់​យកបេះដូង​ Elon Musk ឱ្យមក​ដាក់ទុនទាល់តែបាន

  • 2023-10-20 02:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តី​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ខ្ចី​រថយន្ត Tesla Model Y របស់​ភរិយា​លោក​ ជិះ​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្តអគ្គិសនី​ និង​ទាក់ទាញ​ការវិនិយោគ​ ជាពិសេស​គឺ​ក្រុមហ៊ុន Tesla នេះតែម្តង។

លោក​ ស្រេតថា បាន​ប្រាប់​អ្នកកាសែតថា ការខ្ចី​រថយន្ត​របស់ភរិយា​យកមកជិះនេះ គឺ​ដើម្បីឆក់យកបេះដូង​របស់​ក្រុមហ៊ុន Tesla ឱ្យមកបណ្តាក់ទុន​នៅក្នុងប្រទេសថៃ ខណៈលោក​នឹង​ជួបចរចា​ជាមួយ​លោក Elon Musk នៅខែក្រោយនេះហើយ។

លើសពីនេះ នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បាន​បញ្ជា​ឱ្យគ្រប់​ក្រសួង​ស្ថាប័ននានា​ ទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់ ដើម្បី​ជំនួស​រថយន្តចាស់ៗ ហើយ​បង្កើត​ស្ថានីយសាកភ្លើង​ឱ្យកាន់តែច្រើន​នៅទូទាំង​ប្រទេស។ ជាមួយគ្នានេះ គ្រប់​សេវាដឹកជញ្ជូនសាធារណៈ ដូចជា រថយន្តក្រុង តាកស៊ី និងតុក-តុក ក៏​នឹង​ត្រូវប្រើអគ្គិសនី​ផងដែរ។

ក្នុងឆ្នាំ២០២៣នេះ ការប្រើប្រាស់​រថយន្តអគ្គិសនី​នៅក្នុងប្រទេសថៃ នឹង​ឈានដល់ ៨,៧% នៃ​គ្រប់​រថយន្ត​ទាំងអស់​ ពោលគឺ​កើនឡើង​ពី ៣,៨% ក្នុងឆ្នាំ​២០២២។

គួរ​រំលឹកថា ក្រោយ​ត្រឡប់មកពីចូលរួម​មហាសន្និបាត UN នៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកញ្ញា លោក ស្រេតថា បាន​អះអាងថា ប្រទេសថៃ ​រំពឹង​ទទួលបាន​ការវិនិយោគ​ ៥ពាន់លានដុល្លារ​ពីក្រុមហ៊ុន Tesla, Google និង Microsoft។ ក្នុង​នោះ Tesla នឹង​វិនិយោគ​បង្កើត​រោងចក្រ​ផលិតរថយន្ត​អគ្គិសនី ឯក្រុមហ៊ុន Microsoft និង Google ស្វែងរកការបង្កើត​មជ្ឈមណ្ឌលទិន្នន័យ៕

ប្រភព៖ The Nation   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី