យុគសម័យឈីបថ្មី! Qualcomm ត្រៀមបញ្ចេញឈីប AI សម្រាប់កុំព្យូទ័រ Window ដើរលឿន​ជាង Mac ទៅទៀត

  • 2023-10-25 02:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Qualcomm បាន​ប្រកាស​ថា​ ខ្លួន​នឹង​បញ្ចេញ​ជាផ្លូវការ​នូវឈីបថ្មីដែលគាំទ្រដល់មុខងារ AI សម្រាប់កុំព្យូទ័រដំណើរការ Window របស់​ Microsoft ហើយត្រូវបានអះអាងថា វា​នឹងដើរលឿនជាងឈីបរបស់ Apple ដែលបំពាក់​លើកុំព្យូទ័រ Mac ទៅទៀត។

Qualcomm បាន​និយាយ​ថា ឈីប Snapdragon Elite X ថ្មី​របស់​ក្រុមហ៊ុន​នេះ នឹង​​អាច​បំពាក់​លើកុំព្យូទ័រ​ ចាប់ពីឆ្នាំក្រោយ ដោយ​វាត្រូវបានឌីហ្សាញ​បែបថ្មី​ដើម្បី​អាច​ដោះស្រាយ​ភារកិច្ច AI កាន់តែប្រសើរ ដូចជា ការសង្ខេប​អ៊ីមែល សរសេរអត្ថបទ និង​ការបង្កើតរូបភាព​ជាដើម។

មុខងារ AI ទាំងនោះ ក៏នឹង​ក្លាយ​ជាគន្លឹះ​ដ៏សំខាន់​របស់ឈីប Qualcomm សម្រាប់​ស្មាតហ្វូន ខណៈ​ ក្រុមហ៊ុន Google និង Meta សុទ្ធតែ​បាន​បង្ហាញ​ការពេញចិត្ត​ និងគ្រោង​ប្រើប្រាស់​ពួកវា​ផងដែរ។

ជាមួយគ្នា​នេះ ក្រុមហ៊ុន Microsoft បាន​ហៅឈីបថ្មីនេះ​ថា នឹង​ជួយ​ដល់ក្រុមហ៊ុនអាជីវកម្ម និង​អ្នកប្រើប្រាស់​ក្នុងយុគសម័យថ្មី​នៃ​ AI PCs។

បើតាម​ការអះអាង​របស់​ Qualcomm កាលពីថ្ងៃទី២៤តុលា ឱ្យដឹងថា ឈីបថ្មីនេះ គឺ​លឿនជាង​ឈីប M2 Max នូវ​មុខងារ​មួយចំនួន​ និងមាន​កម្លាំងខ្លាំងជាងឈីប Apple និង​ Intel ទៅទៀត៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សំភី