គម្រប​ព្រៃ​នៅកម្ពុជា នឹង​ត្រូវបង្កើនឱ្យបាន ៦០% នៅឆ្នាំ​២០៥០

  • 2023-10-25 03:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​បរិស្ថាន បានដាក់ចេញនូវវិធានការ​ដ៏ចម្បង​ដោយសហការ​ជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ក្នុងការធានាបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០។

កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តក្រចេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន មន្ទីរបរិស្ថាន មន្ទីអង្គភាពពាក់ព័ន្ធ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សជាច្រើននាក់។

នាឱកាសនោះដែរ លោក ជា សំអាង បានលើកឡើងពីការរៀបចំយន្ដការនានាសម្ដៅធ្វើយ៉ាងណាឱ្យការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តភាពតា មរយៈការអនុវត្តវិធានការ៤ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលបានដាក់ចេញដោយលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖

១) ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។

និង៤) ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទពេញនិយម