ប្រជាជនខ្មែរកាន់តែមានការយល់ដឹងហើយ ពាក់កណ្តាលប្រទេស​បានចូលរួម​យុទ្ធនាការកាត់បន្ថយ​ប្រើប្រាស់ប្លាស្ទីក

  • 2023-10-31 03:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹម​ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ជិតពាក់កណ្តាល​ប្រទេស បានចូលរួម​ក្នុងយុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ដែលផ្តួចផ្តើម​ឡើងដោយ​ក្រសួងបរិស្ថាន អស់រយៈពេល២ខែ​កន្លងមក​នេះ។

យោងតាម​ទិន្នន័យ​ផ្តល់ដោយ​មន្ទីរបរិស្ថាន​រាជធានីខេត្ត​ទាំងអស់ ចាប់ពី​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់​ថ្ងៃទី៣០ ខែ​តុលា សិស្សានុសិស្សសរុបចំនួន ១ ៨៦១ ២២៣ នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ សរុបចំនួន ៦៦ ៥០៣ នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចំនួន ៣ ៩៦៩ សាលា ទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចំនួន ៦ ២០៨ដង។ ដោយឡែកកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស ចំនួន៨៣កន្លែងផ្សេងទៀត បានស្មគ្រចិត្តចូលរួមយុទ្ធនាការ ១ កញ្ញា និងបានប្តេជ្ញាចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រសិនបើសិស្សម្នាក់ ឬ គ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ នឹងមានមនុស្សយ៉ាងហោចណាស់៣នាក់ទៀត រួមមាន ឪពុក ម្តាយ បង ឬប្អូន បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋជិតពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជា។ ឯកឧត្តរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានគ្រប់ដណ្តប់លើផ្ទៃប្រទេស ដែលបង្កើនសកម្មភាពចូលរួម ឲ្យបរិស្ថានស្អាត នៅតាមមូលដ្ឋាននានា ក្រៅពីនៅតាមសាលារៀន រោងចក្រ សហគ្រាសថែមទៀត។

ឯកឧត្តម​បន្ថែមថា ជោគជ័យនៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ ដែលមានគោលដៅ ចូលរួមកែប្រែឥរិយាបថរបស់មនុស្សទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវក្តីសង្ឃឹមថាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកយើងម្នាក់ៗ ឲ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់យើង ដោយការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅកម្ពុជាស្អាត នៅពេលខាងមុខ៕

ប្រភព៖ ក្រសួងបរិស្ថាន