សូម្បី ផល សោភ័ណ្ឌ ក៏សរសើរកីឡាករ ពេជ្រ សម្បត្តិ ចំណាយពេលតិចល្បីលឿនឡើងដល់កម្រិត A
- 2023-10-31 09:41:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បី ផល សោភ័ណ្ឌ ក៏សរសើរកីឡាករ ពេជ្រ សម្បត្តិ ចំណាយពេលតិចល្បីលឿនឡើងដល់កម្រិត A
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរចាស់វស្សា ផល សោភ័ណ្ឌ សរសើរកីឡាករជំនាន់ក្រោយ ពេជ្រ សម្បត្តិ ថាជាមានសមត្ថភាពល្អ រឹង ធន់ ពិសេសប្រើរយៈពេលខ្លីមែនទែនឡើងល្បីលឿនឈានដល់កម្រិត A ទៅហើយក្នុងវិស័យប្រដាល់គុនខ្មែរនៅពេលនេះ។
សោភ័ណ្ឌ បានលើកឡើងក្នុងការឡាយហ្វេសបុក (Live) ថាកីឡាករ ពេជ្រ សម្បត្តិ ជាអ្នកប្រដាល់ល្អមួយរូបមានកម្លាំងស៊ុហ្វល្អ រឹង ធន់ គឺពិបាករកដៃគូវ៉ៃជាមួយណាស់។ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សម្បត្តិ អាចសាងកេរ្តិ៍ឈ្មោះល្បីស្មើរៀមច្បងមួយចំនួនទៅហើយ ខណៈអ្នកប្រដាល់ខ្លះចំណាយពេលជាង ១០ឆ្នាំ និងខ្លះទៀតក្បែរៗ២០ឆ្នាំទៅហើយទម្រាំឈានដល់កម្រិតកំពូល ឬលំដាប់ A។
យ៉ាងណា ផល សោភ័ណ្ឌ បង្ហាញទស្សនៈទៀតថា ពេជ្រ សម្បត្តិ មើលទៅរៀងកាយមិនជាធំប៉ុន្មានទេ ដូច្នេះល្អបំផុតគឺនៅវ៉ៃត្រឹមទម្ងន់ ៦០ ឬ៦៣,៥ គីឡូក្រាម។ ប្រសិនបើឡើងទៅដល់ ៦៥គីឡូក្រាម អាចចាញ់ប្រៀបគេច្រើន ចាញ់មាឌជាដើម ព្រោះអ្នកលេងទម្ងន់នេះភាគច្រើនទម្លាក់ពីធំមកតូចដូចជា ៧០គីឡូក្រាម។
បញ្ជាក់ដែរថា ពេជ្រ សម្បត្តិ ជាកីឡាករកំពុងល្បីឈ្មោះខ្លាំងនៅកម្ពុជាដែលលេងលើទម្ងន់ ៦០គីឡូក្រាម។ រូបគេជាកូនសិស្សលោក ពេជ្រ សុផាន់ និងចូលប្រឡូកគុនខ្មែរខ្ទង់ ៣-៤ឆ្នាំប៉ុណ្ណោះ។ ត្រឹមរយៈពេលប៉ុន្មានឆ្នាំទេកីឡាករគុនខ្មែររូបនេះល្បីខ្លាំងឈ្នះស្ទើរអស់ទៅហើយលើប្រភេទទម្ងន់ ៦០គីឡូក្រាមនេះ ខណៈរង្វាន់ឡាន រង្វាន់ម៉ូតូ ខ្សែក្រវាត់ ពានផ្សេងៗគឺរូបគេប្រមូលបានច្រើនណាស់ឆ្នាំ២០២៣។ រូបគេបានចេញទៅប្រកួតនៅបារាំង អូស្ត្រាលី និងកម្មវិធីធំៗតែងតែមានមុខស្ទើរគ្រប់ពេល៕