ម្ចាស់ជ័យលាភីទាំង៤រូបនៃពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ត្រូវបានរកឃើញបន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ

  • 2023-11-16 02:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍(NIEI) ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ សហគ្រិនខ្មែរ(KE) បានរៀបចំ កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាលើកទី៤ហើយ ដែលវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើត ឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ក្នុងគោលបំណង​អបអរសាទរ និងរៀបចំពានរង្វាន់សហគ្រិនថ្នាក់ជាតិចរបណ្តាលបច្ចេកទេស និងវិជ្ជាេះីសម្រាប់សហគ្រិនកម្ពុជា ឱ្យយល់ដឹងជាសាធារណៈ អំពីតួនាទីសំខាន់ៗរបស់សហគ្រិនក្នុងការគ្រប់គ្រងអាជីវកម្មធុនតូច និងមធ្យម ពង្រឹង​ និងពង្រីកភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈកសាងអនាគតសហគ្រិនកម្ពុជា។ កម្មវិធីនេះមានការឧបត្ថម្ភធំដោយធនាគារព្រីនស៍ និងការឧបត្ថម្ភបន្តបន្ទាប់ពីស្ថាប័នផ្សេងៗជាច្រើនទៀត ហើយក្នុងនោះដែរកម្មវិធីមានការគាំទ្រពីក្រសួងចំនួន៤រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកបដោយសុក្រឹតភាពអស់រយៈពេលប្រមាណ៩ខែ កន្លងមកនេះ កម្មវិធីបានរកឃើញ បេក្ខជនជាជ័យលាភីចំនួន២០រូបមកពី៥តំបន់ផ្សេងៗគ្នានៅទូទាំងប្រទេស​ដើម្បីចូលរួមធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម និងសក្តានុពលរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រនៅចំពោះមុខគណៈកម្មការចំនួន៧រូប ដែលមកពីអង្គភាព-ស្ថាប័នចម្រុះ។​

ជាលទ្ធផល កម្មវិធីក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ទំាង៤រូប ដែលរួមមាន៖

ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោក សុទ្ធ វណ្ណៈ (ម្ចាស់អាជីវកម្ម អូស្ត្រាលី ផេស៊ីហ្វិក អ៊ិនវេសម៉ិន ខូ អិលធីឌី មកពីខេត្តសៀមរាប)

ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកចាន់ សិល្បសុជាតិ (ម្ចាស់អាជីវកម្ម អ៊ីឆេ ង៉ូវហេង មកពីខេត្តកំពត)

ម្ចាស់ជ័យលាភីលេខ២បានទៅលើ លោកស្រី ចៅ លន់មូលីការ (ម្ចាស់អាជីវកម្ម Cambodian Standard Development & Supply Co.,Ltd មកពីរាជធានីភ្នំពេញ)

ម្ចាស់ជ័យលាភីលេខ១បានទៅលើ លោក ឆែន ច័ន្ទដារ៉ា (ម្ចាស់អាជីវកម្ម សហគ្រាសធុនមធ្យមផលិតប្រេងឆាកន្ទក់ មកពីខេត្តបាត់ដំបង)។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ មានមោទកភាពដែល កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២៥៤ ក្រុមហ៊ុនពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កណ្តាល និងតំបន់កំពត ។

កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ នេះត្រូវបានបញ្ចប់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដោយជោគជ័យ ក្រោមអធិបតីភាពថ្នាក់ដឹកនាំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ធនាគារ ព្រីនស៍ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានាមកពីវិស័យសាធារណៈ និងឯកជនជាច្រើនរូប។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍គឺជាគ្រឹះស្ថានជាតិផ្តល់នូវជំនាញសហគ្រិនភាព បច្ចេកទេស និងវិជ្ជាជីវៈ​ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ តាមរយៈការប្រើប្រាស់នូវសម្ភារបណ្តុះបណ្តាលទំនើបៗជាមួយសាស្ត្រាចារ្យឯកទេសដែលមានគុណវុឌ្ឍិខ្ពស់។

សហគ្រិនខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ សហគ្រិនភាព តាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

អត្ថបទពេញនិយម