ប្រកាសបើក មហោស្រពរូបថតភ្នំពេញ ២០២៣ លើកទី ១៤
- 2023-11-20 04:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាសបើក មហោស្រពរូបថតភ្នំពេញ ២០២៣ លើកទី ១៤
ចន្លោះមិនឃើញ
មហោស្រពរូបថតភ្នំពេញ ២០២៣ លើកទី ១៤ នឹងត្រូវចាប់ផ្ដើមប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។
១៥ឆ្នាំ! អស់រយៈពេល ១៥ឆ្នាំហើយ ចាប់តាំងពីពេលដែលមហោស្រពរូបថតភ្នំពេញ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ លោក Alain Arnaudet ដែលជាប្រធានមជ្ឈមណ្ឌលវប្បធម៌បារាំង (French Cultural Center) ។ មហោស្រពនេះត្រូវបានបង្កើតឡើងដោយគោលបំណងជារួមគឺ បង្កើតការផ្លាស់ប្តូរនូវវប្បធម៌រវាងសិល្បករមកពីអឺរ៉ុប និងអាស៊ី និងការជំរុញផ្សព្វផ្សាយអោយកើតមានឡើងនៃអ្នកថតរូបជំនាន់ថ្មី កំពុងស្ថិតនៅក្នុងប្រទេសដ៏តូចមួយ ដែលទើបតែរួចផុតពីរបបខ្មែរក្រហម។
ក្នុងអំឡុងឆ្នាំ ២០០៨ សូម្បីតែស្វែងរកអ្នកថតរូបជនជាតិខ្មែរបួននាក់ដើម្បីដាក់បង្ហាញស្នាដៃ ក៏ជាការលំបាកផងដែរ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ អ្នកថតរូបថ្មីៗជាច្រើនត្រូវបានស្វាគមន៍ ហើយយើងអាចដាក់បង្ហាញស្នាដៃរូបថតក្នុងពិព័រណ៍បានច្រើនជាងមុន ខណៈចំនួនអ្នកថតរូបខ្មែរក៏ចេះតែកើនឡើងជាលំដាប់។ លើសពីនេះ អ្នកថតរូបជនជាតិខ្មែរភាគច្រើន ក៏ត្រូវបានតាំងបង្ហាញជាញឹកញាប់នៅលើឆាកអន្តរជាតិ នៅអឺរ៉ុប និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ កាលពីឆ្នាំ២០០៨ ជាង៩០ភាគរយនៃអ្នកដែលចូលទស្សនាពិព័រណ៍គឺជា ជនបរទេស។
ទោះជាយ៉ាងណាបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាយ៉ាងខ្លាំង ដោយមានជនជាតិខ្មែរជាច្រើនបានចូលទស្សនា និងមានវត្តមានអ្នកស្ម័គ្រចិត្តផងដែរ ដែលបានចូលរួមចំណែកក្នុងមហោស្រពនេះ។ អរគុណដល់ក្រុមការងារអ្នកស្ម័គ្រចិត្តទាំងអស់ ប្រសិនបើគ្មានវត្តមានរបស់ពួកគេទេនោះ កម្មវិធីមហោស្រពរូបថតនេះក៏មិនអាចប្រារព្ធឡើងបានដែរ។ នេះបញ្ជាក់ឱ្យឃើញថាវិស័យថតរូបនាពេលបច្ចុប្បន្ន បានវិវត្តន៍ខ្លួនយ៉ាងខ្លាំង និងទទួលបានការចាប់អារម្មណ៍ជាច្រើនក្នុងចំណោមយុវជនខ្មែរនិងក្នុងវិស័យដទៃៗទៀត។
ម្យ៉ាងវិញទៀត ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា បានដើរលើផ្លូវការអប់រំយ៉ាងពិតប្រាកដមួយក្នុងប្រទេស ដែលការបណ្តុះបណ្តាលលើការថតរូបនៅមិនទាន់ទទួលបានការយកចិត្តទុកដាក់គិតគូរខ្លាំងនៅឡើយ។ មហោស្រពនេះត្រូវបានរៀបចំឡើងដោយសមាគមរូបថតភ្នំពេញ ជាអង្គការក្រៅរដ្ឋាភិបាល និងឯករាជ្យដែលស្ថិតក្នុងប្រទេសកម្ពុជា និងតែងទទួលបានការ ជួយជ្រោមជ្រែងគាំទ្រយ៉ាងកក់ក្តៅ តាំងពីដើមមក និងពីសំណាក់ដៃគូរសហការរបស់ខ្លួន ដែលរួមមាន វិទ្យាស្ថានបារាំងនៅទីក្រុងប៉ារីស វិទ្យាស្ថានបារាំងនៅកម្ពុជា និង ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។
យើងរីករាយ និង មានមោទកភាពចំពោះការគាំទ្រ ដែលផ្ដល់ដោយទីភ្នាក់ងារ ស្វីសម្រាប់ការការអភិវឌ្ឍន៍កិច្ចសហប្រតិបត្ដិការ (SDC) ដែលនឹងអនុញ្ញាតឱ្យមានការបង្កើតគម្រោង ផ្ទះរូបថត (House of Photography) នាពេលអនាគតឆាប់ៗនេះ។ យើងខ្ញុំក៏រីករាយនឹងការត្រឡប់មកវិញក្នុងចំណោមដៃគូរបស់យើងនៃ អាកាសយានដ្ឋានកម្ពុជាដោយ Vinci ដែលនឹងអនុញ្ញាតឱ្យយើងស្វាគមន៍ភ្ញៀវនៅពេលធ្វើដំណើរមកដល់រាជធានីជាមួយនឹងរូបថតពិព័រណ៍ ពីមហោស្រពផងដែរ។ លើសពីនេះដោយឈរលើគោលការណ៍រួមគ្នាមួយ យើងនៅតែបានបង្កើតឱ្យមានការផ្លាស់ប្តូរគ្នា និង ក៏ដូចជាបង្ហាញនូវសិល្បករខ្មែរថ្មីៗជាច្រើនប្រកប ដោយទេពកោសល្យ និងសក្តានុពល។
ក្រុមការងារពិតជាមានក្តីសោមនស្សក្រៃលែង ក្នុងការស្វាគមន៍ភ្ញៀវតំណាងមកពីកោះតៃវ៉ាន់រួមជាមួយនឹងអ្នកថតរូបសហសម័យទាំង៥រូប ដើម្បីរក្សានូវការផ្លាស់ប្តូរចែករំលែក និងភាពជាដៃគូររវាងប្រទេសអឺរ៉ុប និងអាស៊ី។ បន្ទាប់ពីសហព័ន្ធស្វីសដែលបានចូលរួមជាដៃគូររបស់យើងកាលពីឆ្នាំមុន។ ជាមួយនឹងគំនិត ស្នាដៃចម្រុះរបស់ពួកគេ ដែលបានចែងក្នុងប្រវត្តិនៃការថតរូប ព្រមទាំងការរីកចម្រើនឥតឈប់ឈរ តៃវ៉ាន់បានបង្កើតកម្មវិធីនេះ ដែលចង់បញ្ជាក់ពីភាពរឹងមាំនៃវិស័យថតរូបនៃដែនកោះមួយនេះផងដែរ។
លោក គឹម ហាក់ ដែលពិព័រណ៍នៅវិទ្យាស្ថានបារាំង ជាមួយការងាររបស់លោកដែលបានចំណាយពេល១០ឆ្នាំ ដែលបានធ្វើដំណើរទៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដោយយបានរំឭកឱ្យយើងដឹងថាប្រទេសមួយនេះមិនមែនមានត្រឹមតែអង្គរវត្ត និងរឿងរ៉ាវនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលគេតែងតែឮប៉ុណ្ណោះទេ តែមានអ្វីផ្សេងៗជាច្រើនទៀតដែលគេមិនបានដឹង។
ស្នាដៃអំពីទេសភាពដែលបង្ហាញឱ្យយើងឃើញពីភាពសម្បូរបែប និងភាពខុសគ្នាទៅតាមតំបន់ដែលមានទំនាក់ទំនងផ្សារភ្ជាប់ ជាមួយនឹងឯកសារនិងរូបថតពណ៌ស្រាលៗរបស់លោកស្រី Olivia Gay ដែលបានថតនៅភាគខាងកើតនៃប្រទេសបារាំង។ លោក Denis Dailleux មានកិត្ដិយសដែលបានបង្ហាញស្នាដៃរូបថតនៅលើរបងស្ថានទូតបារាំងកម្ពុជា និងនាំដំណើរយើងចូលទៅកាន់រូបថតអនុស្សាវរីយ៍រយៈពេល ៣០ឆ្នាំរបស់គាត់នៅប្រទេសអេហ្ស៊ីប ជាមួយរូបថតពណ៌ស្រទន់ និងរស់រវើក។ លោកនឹងបង្ហាញការងារថ្មីមួយទៀត នៅប្រទេសឥណ្ឌាជាកន្លែងដែលគាត់បានចូលទៅកណ្តាលផ្សារលក់ផ្កាដ៏ធំបំផុតនៅទីក្រុង Kolkata។
ចំណែកអ្នកថតរូបវ័យក្មេង ហ៊ុល កញ្ញា ជាជនជាតិខ្មែរ នឹងបង្ហាញវត្តមានស្នាដៃថ្មីរបស់នាង អំពីរូបថតបញ្ចូលគ្នាជាមួយ នឹងគំនូរនៅឯវិចិត្រសាល Plantation ។ ក្រុមកាតរងារនៅតែបន្តត្រលប់មកវិញទៅកាន់បណ្ណសារដ៏សម្បូរបែបអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា មជ្ឈមណ្ឌលបុប្ផាណាដែលជាទីតាំងដែលយើងបានរៀបចំមហោស្រពតាំងពីដើមមក ជាមួយរូបថតរបស់លោក Alan Crumlish ដែលបានថតក្នុងឆ្នាំ១៩៨៩ ពោលគឺ១០ឆ្នាំបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។ អ្នកថតរូបវ័យក្មេងមួយរូបទៀតតគឺលោក ឈិន គឹមហុង នឹងបង្ហាញរូបថតស៊េរីចំនួនពីរនៅឯវិចិត្រសាល ស្រាអាត និង Factory Phnom Penh ជាមួយនឹងអ្នកថតរូបផ្សេងទៀតមកពីក្រុមថតរូប Studio Images ។
ទន្ទឹមនឹងនេះ ការតាំងពិព័រណ៍លើរ៉ឺម៉កកង់បីដ៏ពេញនិយមរបស់មហោស្រព នឹងធ្វើដំណើរជុំវិញ ទីក្រុង រយៈពេលពីរខែ ហើយក៏សូមអរគុណសម្រាប់កិច្ចសហការរយៈពេលវែង ជាមួយសហគមន៍រ៉ឺម៉កកង់បី ដែលនៅពីក្រោយមានតាំងនៅស្នាដៃការងាររបស់សិល្បករ សិល្បការនីអឺរ៉ុប និងអាស៊ី ហើយ នឹងនាំ គ្រប់គ្នាទៅកាន់ទស្សនីយភាពសិល្បៈរូបថតដ៏អស្ចារ្យ អមជាមួយសម្រស់ទីក្រុងភ្នំពេញដែរជាគម្រោង គាំទ្រដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
១៥ឆ្នាំ នៃការបង្កើតមហោស្រពរូបថតភ្នំពេញ គឺនៅតែដំណើរការទៅមុខដោយរលូន និងកំពុងតែវិវត្តន៍ ខ្លួនឥតឈប់ឈរទៅតាមពេលវេលា ទោះបីជាក្នុងការលៈទេសៈលំបាកក្តី។