រឿង៣យ៉ាងធំៗ​នៃការបាញ់បង្ហោះផ្កាយរណប​ចារកម្មបានសម្រេច​លើកដំបូង របស់កូរ៉េខាងជើង

  • 2023-11-22 04:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងជើង បាន​អះអាង​ថាខ្លួន​ទទួល​បាន​ជោគជ័យ​ក្នុងការបាញ់បង្ហោះ​ផ្កាយរណបចារកម្ម​លើកដំបូងទៅកាន់គន្លងផែនដី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៣។ ក្រុងព្យ៉ុងយ៉ាង បាន​ហៅ​ការបាញ់​បង្ហោះនេះ​ថា ជាសិទ្ធិស្របច្បាប់​របស់ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព​ការពារខ្លួន ហើយបញ្ជាក់ទៀតថា នឹង​មានផ្កាយរណបចារកម្មជាច្រើនទៀត នឹងត្រូវបាញ់​បង្ហោះឆាប់ៗនេះ។

ជុំវិញ​ការបាញ់បង្ហោះផ្កាយរណបចារកម្មនេះ គឺមានរឿងរ៉ាវ ៣យ៉ាងដែល​លោកអ្នក​គួរដឹង​ដូចខាងក្រោម៖

១. ការបាញ់បង្ហោះលើកនេះ ជាការប៉ុនប៉ង​លើកទី៣

កូរ៉េខាងជើង ព្យាយាម​បាញ់​បង្ហោះ២ដងរួចមកហើយ​កាលពីខែឧសភា និងសីហា ប៉ុន្តែ​សុទ្ធតែបរាជ័យ មិនអាចចូលដល់គន្លងផែនដី។ ការប៉ុនប៉ងលើកទី៣ ដែលទទួលជោគជ័យ​នេះ គឺធ្វើឡើងតាមរយៈគ្រាប់រ៉ុកកែតថ្មី Chollima-1 ដែលបាននាំ​ផ្កាយរណប Malligyong-1 ចូលដល់គន្លង​ផែនដី ក្រោយបាញ់បង្ហោះ​ត្រឹមតែ ១២នាទីប៉ុណ្ណោះ។

២. ផ្កាយរណប​នេះ ជាផ្លែផ្កា​នៃកិច្ចសហប្រតិបត្តិការ​រវាងកូរ៉េខាងជើង និងរុស្ស៊ី

ក្នុងអំឡុង​ទស្សនកិច្ច​របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅរុស្ស៊ី កាលពីខែកញ្ញា លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាន​ថ្លែងថា ប្រទេស​របស់លោក​នឹង​ជួយដល់​កូរ៉េខាងជើង​ ក្នុងការសាងសង់ផ្កាយរណប ខណៈ​ពេលនោះ លោក គីម ជុងអ៊ុន​ បង្ហាញ​ការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្នុង​បច្ចេកវិទ្យា​គ្រាប់រ៉ុកកែត។ ក្នុងអំឡុងពេលនោះ លោក គឺម ជុងអ៊ុន ក៏បាន​ធ្វើទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​អវកាស​រុស្ស៊ី​មួយកន្លែងផងដែរ។

៣. ផ្កាយរណប​ចារកម្មនេះ ក្លាយ​ជាសព្វាវុធថ្មីចុងក្រោយ​មួយទៀត​របស់យោធាកូរ៉េខាងជើង

ការបាញ់​បង្ហោះផ្កាយរណប​នេះ គឺជាផ្នែកមួយ​នៃផែនការ​អភិវឌ្ឍយោធា ៥ឆ្នាំ​ ដែលប្រកាសដោយ​លោក គីម ជុងអ៊ុន កាលពីឆ្នាំ​២០២១។ ក្រុងព្យុងយ៉ាង មើលឃើញ​ថា កម្មវិធី​អវកាស​របស់ខ្លួន​គឺ​ជា​និមិត្តរូប​រួម​នៃមោទនភាព​ជាតិ និងភាព​ខ្លាំង​​វិទ្យាសាស្រ្ត។ យើង​អាច​និយាយបាន​ថា វាជាសព្វាវុធ​ថ្មីចុងក្រោយ​មួយទៀតរបស់​កូរ៉េខាងជើង បន្ទាប់ពី​ប្រទេស​ផ្តាច់ការមួយនេះ បានដាក់​ដំណើរការ​នាវាមុជទឹក​ដែលបំពាក់នុយក្លេអ៊ែរទីមួយ​របស់ខ្លួន​ កាលពីខែកញ្ញា​កន្លងទៅ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី