លោក​ជំទាវ​ ពេជ ចន្ទមុន្នី៖​ ពេញចិត្ត​ចំពោះ​សមត្ថភាព​ក្រុម​កីឡា​រាំ​ និង​រក​អ្នក​ជួយ​គាំទ្រ​សហព័ន្ធ​បន្ថែម​ទៀត​

  • 2023-12-12 08:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ បង្ហាញ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​រាំ​ ដែល​ធ្វើ​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​ និងព្យាយាម​រក​អ្នក​ជួយ​គាំទ្រ​សហព័ន្ធ​បន្ថែម​ទៀត​ដើម្បី​បន្ត​ចលនា​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​នៅ​កម្ពុជា។​

លោក​ជំទាវ​ ពេជ ចន្ទមុន្នី ហ៊ុន​ ម៉ាណែត

លោក​ជំទាវ​ ពេជ ចន្ទមុន្នី​ បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​កីឡា​រាំ​ថា​ ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​ការ​ប្រកួត​ដ៏​ល្អ​ និង​ភាព​ប៉ិនប្រសព្វ​របស់​កីឡាករ​ កីឡា​ការិនី​ទាំង​ឈុត​ធំ​ និង​ក្រុម​ថ្នាល។​ លោក​ជំទាវ​សូម​កោតសរសើរ​ចំពោះ​ទេពកោសល្យ​ និង​ការ​បង្ហាញ​ក្បាច់​រាំ​ទាំង​អស់​ដែល​មើល​ទៅ​មិន​មាន​ការ​ខ្វះខាត​អ្វី​នោះ​ទេ​ ពោល​ជក់ចិត្ត​សឹង​គ្រប់​បទ​ ឬ​គ្រប់​ក្បាច់។​

ទិដ្ឋភាពបិទការប្រកួត

ភរិយា​សម្ដេច​បរវធិបតី​សរសើរ​ផង​ដែរ​ចំពោះ​ការ​ខំប្រឹង​ប្រែង​របស់​សហព័ន្ធ​ ពិសេស​របស់​ប្រធាន​លោក​ជំទាវ​ ញ៉ែម​ មរតក​ ដែល​តស៊ូ​ដឹកនាំ​សហព័ន្ធ​ឆ្លងកាត់​ការ​លំបាក​ផ្សេងៗ​ទម្រាំ​ឈាន​ដល់​ពេល​នេះ​ និង​បង្ហាញ​សក្ដានុពល​កីឡា​មួយ​នេះ​ទាំង​ក្នុង​ស្រុក​ និង​លើ​ឆាក​អន្តរជាតិ។​

ទិដ្ឋភាពបិទការប្រកួត

លោក​ជំទាវ​ ពេជ ចន្ទមុន្នី​ ជឿជាក់​ថា​ភាព​ខ្លាំង​របស់​សហព័ន្ធ​ និង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ភាព​ល្បីល្បាញ​របស់​សហព័ន្ធ​នៅ​ពេល​នេះ​នឹង​មាន​ការ​ជួយ​គាំទ្រ​បន្ថែម​ទៀត​ពី​សប្បុរសជន​ និង​មហាជន​នានា។​ ជា​មួយ​គ្នា​នេះ​ដែរ​លោក​ជំទាវ​នឹង​កៀរគរ​សប្បុរសជន​ ឬ​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​ងាក​មក​ជួយ​គាំទ្រ​សហព័ន្ធ​បន្ថែម​ទៀត​ដើម្បី​រួម​ចំណែក​លើ​ការ​អភិវឌ្ឍន៍​ធនធាន​ ចូលរួម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ ឬ​រៀបចំ​ការ​ប្រកួត​នានា​នៅ​ពេល​ខាង​មុខ​ជា​ដើម។​

ទិដ្ឋភាពបិទការប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​នៅ​ក្នុង​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ និង​លោក​ជំទាវ​ភរិយាយ​ថ្នាក់​ដឹកនាំ​ជា​ច្រើន៕​

ទិដ្ឋភាពបិទការប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​