ស្ពាន​អាកាស​២ជាន់ ដែល​ស្ថិតនៅ​ចំណុចប្រសព្វរវាងផ្លូវព្រះមុនីវង្ស ផ្លូវ៦០ម៉ែត្រ និងផ្លូវ២៧១ នឹង​បញ្ចប់ជំហានទី១ មុនចូលឆ្នាំខែ្មរ

  • 2023-12-21 02:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ពានអាកាស​ព្រះមុនីវង្ស ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ នេះបើតាម​ការបញ្ជាក់​របស់​ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

សូមជម្រាប​ថា គម្រោងនេះ ចំណាយ​ថវិកា​ជាង ៣៦លានដុល្លារ ជាស្ពានអាកាស​កម្ពស់ ២ជាន់ ដែលនឹង​សម្រួល​លំហូរ​ចរាចរ​លើដងមហាវិថីព្រះមុនីវង្ស មហាវិថី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋបាលរាជធានី​ភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។

មកដឹងពី​លក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ នៃគម្រោង​នេះ​ដូចខាងក្រោម៖

១. ផ្លូវថ្នល់ផ្ទាល់ដីៈ

មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។

១.១ រង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១១.៨៥ម៉ែត្រ)

  • កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍

  • គន្លងចរាចរណ៍មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រក្នុងមួយគន្លង)

  • កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១

១.២ ផ្លូវថ្នល់ផ្ទាល់ដី តាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ម៉ែត្រ)

  • ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅទៅ និងមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២

  • គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ)។

២. ស្ពានអាកាសជាន់ទី១ :

ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ

២.១ ស្ពានអាកាសរង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១២.៨៥ម៉ែត្រ)

  • កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍

  • គន្លងចរាចរណ៍ មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រ ក្នុងមួយគន្លង)

  • កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី២

២.២ ស្ពានអាកាសខ្នែង A ឆ្ពោះទៅស្ពានព្រះមុនីវវង្ស (មានប្រវែង ២០០ម៉ែត្រ x ទទឹង ១១.៥០ម៉ែត្រ)

  • ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមកពីស្ពានព្រះមុនីវង្ស

  • គន្លងចរាចរណ៍ : ៤គន្លងផ្លូវទៅមក (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន ១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងគន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)

២.៣ ស្ពានអាកាសខ្នែង B វិថីកងយោធពលខេមរភូមិន្ទ (មានប្រែវង ២០០ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

  • ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថីកងយោធពលខេមរភូមិន្ទ

  • គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ម៉ែត្រ)

២.៤ ស្ពានអាកាសខ្នែង C មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

  • ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីព្រះមុនីវង្ស

  • គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)

២.៥ ស្ពានអាកាសខ្នែង D មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

  • ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស

  • គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)

២.៦ ស្ពានអាកាសខ្នែង E មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

  • ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន

  • គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។

២.៧ ស្ពានអាកាសខ្នែង F មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

  • ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន

  • គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។

៣. ស្ពានអាកាសជាន់ទី២:

  • មានប្រវែង ១,២០០ម៉ែត្រ x ទទឹងពី ១៤.០០ម៉ែត្រ ទៅ ១៥.៨០ម៉ែត្រ

  • ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន

  • គន្លងចរាចរណ៍ : ៤គន្លងផ្លូវ (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន២គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.២៥ម៉ែត្រ ទៅ ៣.៧០ម៉ែត្រ)

  • ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១.៥០ម៉ែត្រ

  • សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់ ១.៥០ម៉ែត្រ

  • ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១.៥០ម៉ែត្រ ទៅ ១.២០ម៉ែត្រ និងមានជម្រៅប្រមាណ៥០ម៉ែត្រ

  • ជម្រាលទទឹងស្ពាន: ២%

  • ជម្រាលបណ្តោយស្ពាន: ៥%

  • បង្កាន់ដៃស្ពានមានកម្ពស់: ១.១០ម៉ែត្រ

  • ល្បឿនសុវត្ថិភាព: ២០គ. ម/ម៉ោង ទៅ៤០គ.ម/ម៉ោង

  • ទម្ងន់ផ្ទុកអនុញ្ញាត: ៣០តោន

  • កម្ពស់អនុញ្ញាត: ៥.០០ម៉ែត្រ

  • អ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ

  • ដាក់ស្លាកសញ្ញាចរាចរ និងអ៊ុតគំនូសចរាចរដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក

  • រៀបចំប្រព័ន្ធបង្ហូរទឹកនិងបណ្តាញលូ និងកែសម្រួចចិញ្ចើមផ្លូវអមសងខាង

  • បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន

  • រៀបចំសួនច្បារ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី