គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប បានចាប់ផ្តើមបោះជំហានហើយ

  • 2023-12-26 09:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅក្រុងសៀមរាប បានបើកកិច្ចប្រជុំលើកដំបូងហើយជាមួយក្រុមហ៊ុនចិន China Metro Group នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងជៀសវាងការកកស្ទះចរាចរណ៍ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឆ្ពោះទៅក្រុងសៀមរាប។

ក្នុងអង្គប្រជុំនេះ មានការជជែកពិភាក្សាយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។

សូមរំលឹកថា ក្នុងពិធីសម្ពោធព្រលានយន្តហោះថ្មីកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្វីត្បិតតែអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយឆ្ងាយពីក្រុងសៀមរាប ឬប្រាសាទអង្គរវត្ត ពិតមែន ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ ពោលគឺសំខាន់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ក្នុងនោះ មានគម្រោង២ ដែលភ្ជាប់ពីព្រលានយន្តហោះនេះទៅក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើរ រួមមាន៖

១. ពង្រីកផ្លូវជាតិលេខ៦ ដល់៤គន្លង និង ៦គន្លង ចាប់ពីចំណុចប្រសព្វផ្លូវហាយវ៉េនៃព្រលានយន្តហោះ គ្រោងចំណាយ ៦០លានដុល្លារ ហើយអាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ។

២. ការសាងសង់ផ្លូវរថភ្លើងធុនស្រាល ភ្ជាប់ពីព្រលានយន្តហោះ ទៅកាន់ក្រុងសៀមរាប។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺធ្វើឡើងក្រោមចក្ខុវិស័យវែងឆ្ងាយ ជាពិសេសឈរលើគោលដៅ អភិវឌ្ឍន៍ និងអភិរក្ស។ ក្នុងនោះ ការការសម្រេចចិត្តដូរព្រលានយន្តហោះពីចម្ងាយត្រឹម៥គីឡូម៉ែត្រ ពីក្រុងសៀមរាប មកចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប គឺដើម្បីថែទាំសម្បត្តិដូនតាខ្មែរឱ្យបានយូរអង្វែងថែមទៀត៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី