មកដឹងប្រវត្តិ ជំនឿ និងប្រភេទខ្លែងដែលប្រជាជនខ្មែរនិយមបង្ហើរលេង
- 2024-01-10 04:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រវត្តិ ជំនឿ និងប្រភេទខ្លែងដែលប្រជាជនខ្មែរនិយមបង្ហើរលេង
ចន្លោះមិនឃើញ
ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរ។
ភាគច្រើនគេតែងបង្ហើរខ្លែងលេងកម្សាន្តក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ។ ចង់ដឹងថា តើខ្លែងមានប្រវត្តិយ៉ាងដូចម្ដេច ហើយខ្មែរយើងមានជំនឿបែបណាដែរទាក់ទងនឹងខ្លែង។
ខ្លែងមានប្រភពកំណើតដំបូងនៅប្រទេសចិន តាំងពី២៨០០ឆ្នាំមុន គ.ស មកម្ល៉េះ។ ការអះអាងបែបនេះ ដោយសារប្រទសចិនកាលពីជំនាន់មុនមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ធ្វើខ្លែង ដូចជាកំណាត់សូត្រ សម្រាប់ធ្វើតួ ឬសាច់ខ្លែង ខ្សែសូត្រឆ្មារដែលជាប់មាំមិនងាយដាច់សម្រាប់ធ្វើខ្សែ និងឫស្សីសម្រាប់ធ្វើឆ្អឹង។ នៅសម័យនគរភ្នំកាលពីដើមស.វទី១ ដល់ស.វទី៧ នៃគ.ស ជនជាតិខ្មែរក៏ចេះបង្ហោះខ្លែងដែរ ដោយយកខ្លែងចិនជាតួយ៉ាង។ គឺក្នុងអន្តរកាលនោះ ប្រទេសឥណ្ឌា និងប្រទេសអឺរ៉ុបមួយចំនួន ក៏បានទទួលប្រពៃណីខ្លែងនេះពីចិនដែរ។
ខ្លែងដែលប្រជាពលរដ្ឋខ្មែរបង្ហើរមានច្រើនប្រភេទណាស់ដូចជា ខ្លែងឯក ឬខ្លែងព្នង ខ្លែងប្រម៉ង់ ខ្លែងហៅប៉ៅ និងខ្លែងកណ្តូង ខ្លែងកូនមាន់ ខ្លែងមេអំបៅ ខ្លែងផ្កាយ ខ្លែងខ្លោះ ខ្លែងផ្កា ជាដើម។ រូបរាងនៃខ្លែង គេធ្វើទៅតាមការចូលចិត្តរៀងៗខ្លួនទៅតាមការច្នៃប្រឌិតរបស់គេ។ ចំពោះខ្លែងខ្មែរយើង មានភាគច្រើនតាំងពីបុរាណកាលមក គេឃើញតែខ្លែងកណ្ដូង និងខ្លែងឯក ដែលគេនិយមបង្ហើរលេងនៅតាមភូមិស្រុក ទូទាំងជនបទដែលរស់នៅ។
ការបង្ហើរខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់សង្គមខ្មែរយើងតាំងពីបុរាណមកម្ល៉េះ ។ សព្វថ្ងៃនេះ នៅតែបន្តធ្វើតាមដំណែលនៃដូនតាយើង ដែលបញ្ជាក់អំពីក្រឹត្យក្រមមួយដែលថា ជីវិតតែងផ្សារភ្ជាប់ទៅនឹងធម្មជាតិ ។ ដើម្បីគោរពនឹកគុណដល់ធាតុទាំងបួន ដែលទ្រទ្រង់នូវលោក គឺធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ដែលផ្តល់នូវជីវិត នូវធម្មជាតិ ផ្សេងៗសម្រាប់កំដរជីវិត យើងក៏នាំគ្នាធ្វើពិធីនេះឡើង នៅពេលដែលខ្មែរបានរីករាយក្នុងអារម្មណ៍ ដោយបានទទួលផលពីរបរកសិកម្ម៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB
ប្រភព៖ ឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ