Haaland បង្ហោះ​សារ​ ពេល​ឮ​ថា Sancho ត្រលប់​ទៅ Dortmund វិញ

  • 2024-01-12 11:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Erling Haaland បាន​បង្ហោះ​សារ​ Story ក្នុង​គណនី​ Instagram ផ្លូវ​ការ​របស់​ខ្លួន ពេល​ទទួល​ដំណឹង​ជា​ផ្លូវ​ការ​ថា​កីឡាករ Jadon Sancho បាន​ត្រលប់​ទៅ​លេង​ឲ្យ​ក្លឹប Borussia Dortmund វិញ​។

Sancho បាន​មក​ចូល​រួម​ជាមួយ Dortmund ជា​ផ្លូវ​ការ​ពី​ក្លឹប​ Manchester Unitedកាល​ពី​ល្ងាច​ម្សិលមិញ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​។ ក្រោយ​ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester City កីឡាករ Erling Haaland បាន​បង្ហោះ​សារ​ Story មួយ​ក្នុង​បណ្ដាញ Instagram។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​រូប​នេះ មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ​ក្នុង​សារ Story មួយ​នោះ ក្រៅ​ពី​បង្ហោះ​រូប​ភាព Sancho ក្នុង​ឈុត​សំលៀកបំពាក់​ក្លឹប Dortmund។ Haaland បាន​រំលេច​ពាក្យ​មួយ​ម៉ាត់​គឺ​ថា ស្រស់​ស្អាត។ មិន​មាន​របាយការណ៍​ណា​មួយ​អាច​បកស្រាយ​ច្បាស់​ទេ​ថា ខ្សែ​ប្រយុទ្ធ Haaland មាន​ន័យ​យ៉ាង​ណា​ឡើយ​ក្នុង​សារ​មួយ​នេះ។ ទោះ​ជា​យ៉ាង​ណា តាម​ការ​វិភាគ​របស់​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​បកស្រាយ​ថា Haaland ទំនង​សប្បាយ​ចិត្ត​ជាមួយ​នឹង​ដំណឹង​ដែល Sancho បាន​ត្រលប់​ទៅ Dortmund វិញ ដែល​ជា​ក្លឹប​ចាស់​ដែល​កីឡាករ​ទាំង​ពីរ​ធ្លាប់​លេង​ជាមួយ​គ្នា។

Haaland និង Sancho ធ្លាប់​ជា​មិត្ត​រួម​ក្រុម​គ្នា​កាល​កីឡាករ​ទាំង​ពីរ​លេង​នៅ​ក្លឹប​អាល្លឺម៉ង់។ Haaland លេង​នៅ​ក្លឹប​ពី​ឆ្នាំ ២០២០ ដល់ ២០២២ មុន​មក​ចូល​រួម​ជាមួយ Manchester City។ ចំណែក​ឯ​ Sancho ចូល​រួម Dortmund ពី​ឆ្នាំ ២០១៧ ដល់​ ២០២១ មុន​ចេញទៅលេងឲ្យ Manchester United៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម