ប្រព័ន្ធធារាសាស្រ្ត​ដែល​ទទួល​ប្រភព​ទឹកពី​បណ្តាអូរ-ស្ទឹង តាមព្រំដែន​កម្ពុជា-ថៃ សម្រេច​លទ្ធផល​បាន​លើសផែនការ

  • 2024-01-25 04:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank នៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការសរុបចំនួន ១៨៧កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត ២០ ០០០ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។

បើតាមរបាយការណ៍ក្រុមហ៊ុនសាងសង់បានឱ្យដឹងថា ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យមកដល់ពេលនេះសម្រេចបាន២០% លើផែនការ១៥%។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារសាងសង់តាមទីតាំងសំខាន់ៗរបស់គម្រោងដែលរួមមាន ប្រឡាយលេខ២ អាងទឹកពង្រ អាងទឹកអូរខៃដន អាងទឹកវាំងហែង និងប្រឡាយលេខ១-១ និងប្រឡាយលេខ១-២ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹកក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោម ហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank និងដោយមានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងចំនួនបីគឺ៖ ទី១)គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបងកំពុងដំណើរការសាងសង់ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ទី២)គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ និង ទី៣)គម្រោងកាត់បន្ថយទឹកជំនន់ និង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេលខេត្តបាត់ដំបង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទពេញនិយម