ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប! ក្រសួងណែនាំឱ្យក្រុមហ៊ុនពិនិត្យឡើងចំណុចច្រកចូលភ្នំពេញពីផ្លូវជាតិ៦A
- 2024-01-29 02:02:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប! ក្រសួងណែនាំឱ្យក្រុមហ៊ុនពិនិត្យឡើងចំណុចច្រកចូលភ្នំពេញពីផ្លូវជាតិ៦A
ចន្លោះមិនឃើញ
ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC។
បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៌មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ - សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោងពីក្រុមហ៊ុន។ ប្រតិភូបានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញចំណុចច្រកចូលភ្នំពេញ ពីផ្លូវជាតិ៦A ធ្វើយ៉ាងណាកំណត់ទីតាំងដែលមានផលប៉ះពាល់តិច និងមិនកកស្ទះចរាចរណ៍។ ប្រតិភូបានចុះពិនិត្យនៅចំណុចទីតាំងសាងសង់ចំណុចប្តូរទិសចរាចណ៍ផងដែរ។
ដោយឡែកដំណាក់កាលទី២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីពិនិ្យផ្តល់យោបល់លើកំណាត់ផ្លូវវាងក្រុង។ ប្រតិភូបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត បន្តផ្តល់ទិន្នន័យព័ត៌មានជាក់លាក់បន្ថែមទៀតដល់ក្រុមហ៊ុនដើម្បីបំពញបន្ថែមការសិក្សា។
សូមជម្រាបជូនថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោង (FS) អាច នឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។
សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន ខែមីនា ២០២៤ និង បញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួង ពិនិត្យ កែសម្រួល ឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ។ បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ)។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ ខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ។ គម្រោងនេះ ធ្វើឡើងក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB