ភាពយន្តគំនូរជីវចលខ្មែរធំៗចំនួន ៤ ដកស្រង់ពីអក្សរសិល្ប៍ខ្មែរ ទទួលបានការគាំទ្រយ៉ាងផុសផុរ

  • 2024-01-29 15:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អក្សរសិល្ប៍របស់ខ្មែរ ត្រូវបានផលិតទៅជាខ្សែភាពយន្តសម្ដែងដោយមនុស្សយើងធ្លាប់ឃើញច្រើនមកហើយ។ ប៉ុន្ដែភាពផ្ទាំងទស្សនីយភាពទាំង៤ខាងក្រោមនេះ សុទ្ធសឹងផលិតដោយកូនខ្មែរ គឺជាការផលិតដ៏កម្រជាភាពយន្តគំនូរជីវចល ត្បិតការផលិតចំណាយពេលយូរ ចំណាយធនធានអស់ជាច្រើន ការផលិតយ៉ាងផ្ចិតផ្ចង់ម្ដងមួយៗ ទម្រាំបានមួយឈុតៗឈានដល់ដល់ឆាក ឬទម្រាំដល់ចប់១រឿងៗ និងក៏ទទួលបានការគាំទ្រយ៉ាងផុសផុរ។

៤. រឿង “កុលាបប៉ៃលិន” ផលិត ឆ្នាំ២០២៣ ត្រូវបានផលិតជាគំនូរជីវចលដោយ អក្ខរា - AKARA Animation ដែលផលិតយោងទៅតាម រឿង កុលាបប៉ៃលិន របស់ អ្នកនិពន្ធ ញ៉ុក ថែម និពន្ធនៅឆ្នាំ ១៩៣៦ ឬ ១៩៤៣។ រឿងនេះជាអក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា ដែលកាលអាកាសរបស់រឿង នៅលើទឹកដីក្រុងប៉ៃលិន នាខេត្តបាត់ដំបង អំឡុងសម័យកាល អាណានិគមបារាំង ប្រទេសកម្ពុជា ។

៣.រឿង “ម្ដាយទាវ”​ ផលិត ឆ្នាំ២០២៣ ផលិតដោយ អក្ខរា - AKARA Animation ដែលផលិតយោងទៅតាម រឿង​ ទុំទាវ របស់ អ្នកនិពន្ធ ព្រះបុទុមត្ថេរ សោម ឬ ងួន សោម និពន្ធនៅឆ្នាំ ១៩១៥ ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ។

រឿងនេះជាអក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា ដែលកាលអាកាសរបស់រឿង ស្ថិតក្នុងសម័យលង្វែក ប្រទេសកម្ពុជា។

២. រឿង “ឧកញ៉ា ឃ្លាំងមឿង” ផលិត ឆ្នាំ២០២២ ជាគំនូរជីវចល 3D ផលិតដោយ Smart ក្នុងនោះមានបុគ្គលសំខាន់ៗ៣នាក់ដែលផលិត គឺ Lim Heng (Will), Pum Sothearoth (TR), Socheatra Rith (Leons)។ តួអង្គ ទីកន្លែង និងព្រឹត្តិការណ៍ក្នុងរឿងនេះផលិតដោយយោងទៅតាម ឯកសារមហាបុរសខ្មែរ ត្រង់ឈុត ព្រះបាទច័ន្ទរាជា ច្បាំងជាមួយកងទ័ពសៀម ពេលទ្រង់ភៀសព្រះកាសពី ស្ដេចប្រទេសសៀម ដោយពេលនោះក៏លេចវត្តមានមេទ័ព ឧកញ៉ា ឃ្លាំងមឿង ដែលជួយ ព្រះបាទច័ន្ទរាជា ប្រយុទ្ធតតាំងនឹងទ័ពសៀម នៅខេត្តពោធ៍សាត់។

រឿងនេះជារឿងព្រេងកថា​ ផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងប្រភេទអក្សរសិល្ប៍ប្រជាប្រិយ ដែលកាលអាកាសរបស់រឿងស្ថិតនៅ ខេត្តពោធ៍សាត់ នា សម័យលង្វែក ឆ្នាំ១៩៤៩។

គួរបញ្ជាក់ដែរថា ស្នាដៃដ៏ធំមួយនេះ ធ្លាប់បានឈ្នះ ពានរង្វាន់មាស Gold Winner នៃកម្មវិធី Cambodia DigiCon6 ឆ្នាំ២០២២ ហើយក៏ត្រូវបានចាក់បញ្ចាំងក្នុងកម្មវិធី S-express Cambodia នៅតាមបណ្ដាប្រទេសដូចជា សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា។

១. រឿង “មហាអាណាចក្រខ្មែរ” ជាគំនូរជីវចល 3D។ រឿងនេះមិនមានប្រភពឯកសារច្បាស់លាស់ ត្បិតមិនដឹងឆ្នាំផលិត និងផលិតករ។ យើងសូមដាក់តម្កល់ជាបណ្ដោះអាសន្ន ផលិតករនៃរឿងនេះ គឺផលិតដោយ Parabel Studio Green Asia Lts. អាសយដ្ឋាន ផ្លូវសហព័ន្ធរុស្ស៊ី ភ្នំពេញ ប្រទេសកម្ពុជា (រកឃើញពីប្រភពខ្លះៗ)៕

អត្ថបទ៖ កុសល