សប្តាហ៍ក្រោយចូលឆ្នាំចិន អ៊ីចឹងផ្លូវល្បឿនលឿន​ប្រាកដជាកកស្ទះនៅបញ្ជរបង់លុយ! ក្រសួង​ត្រៀម​ចាត់វិធានការឆ្លើយតបហើយ

  • 2024-02-01 02:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងដំណាក់កាលប្រតិបត្តិការ និងថែទាំ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២៤ បាន​ដឹកនាំកិច្ចប្រជុំ​ជាមួយតំណាង​ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បី​ជជែកពិភាក្សា​ស្វែងរក​ដំណោះស្រាយ ដើម្បីត្រៀមចាត់វិធានការឆ្លើយតបនឹងកាលៈទេសៈដែលមានចរាចរណ៍មមាញឹក ដែលបង្កឱ្យមានការកកស្ទះនៅតាមបញ្ជរទូទាត់ប្រាក់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យជាតិផ្សេងៗ នាពេលខាងមុខ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​យកឱកាសនេះ ក្រើនរម្លឹកជាថ្មីអំពីលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង ៣ ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីគោលការណ៍សុវត្ថិភាព ការជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ។

គន្លងទាំង៣ប្រភេទ​រួមមាន៖

-គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខមុននឹងប្រើប្រាស់។

-គន្លង ANPR ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

-គន្លង MTC តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី