iOS តាំងពី​បង្កើត​ដំបូង មកដល់​ឥឡូវ បាន​ជួយកែប្រែ iPhone ឱ្យមានភាពលេចធ្លោខ្លាំងបំផុតអ្វីខ្លះ?

  • 2024-02-01 04:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS គឺ​ជាប្រព័ន្ធ​ប្រតិបត្តិការ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Apple សម្រាប់​ដាក់​នៅលើ iPhone និង iPad ជាដើម។ បើគិត​មកត្រឹមឆ្នាំ​២០២៣ ចំណែក​ទីផ្សារ iOS ក្នុងពិភពលោក មាន​ចំនួន ១៩,៩% ឯណោះ។

Apple បាន​បញ្ចេញ iOS សម្រាប់​ iPhone ជំនាន់ទី១ ក្នុងឆ្នាំ​២០០៧ ដែល​ពេលនោះ​វាបានកែប្រែ​មុខមាត់បច្ចេកវិទ្យាទូរសព្ទថាច់ស្រ្គីន​បែបថ្មី។ បន្ទាប់មកក្រុមហ៊ុន​នេះ បាន​បញ្ចេញ iOS 2 នៅឆ្នាំ​២០០៨ សម្រាប់​ iPhone 3G, iOS 3 ឆ្នាំ២០០៩ និង iOS4 ឆ្នាំ២០១០ រួម​ជាមួយនឹង iPhone 4តែម្តង។

អ្វីដែល​កាន់តែលេចធ្លោ​សម្រាប់ iOS គឺ​ជំនាន់ទី៥ (iOS 5) ដែល​បញ្ចេញ​ក្នុង​ឆ្នាំ២០១១ គឺ​វាបាន​ពង្រីក App ដល់​ជាង ៥០ម៉ឺន ហើយ​បាន​បន្ថែម​នូវ Notification Center, Camera App និង Siri ជាដើម។

iOS 6 ដែលបញ្ចេញ​នៅឆ្នាំ​២០១២ បាន​បន្ថែម Maps Application និង Passbook Ticket Storage។ iOS 7 ឆ្នាំ​២០១៣ បាន​កែប្រែការឌីហ្សាញថ្មីនូវ user interface និង iOS 8 ឆ្នាំ​២០១៤ មាន​ប្រព័ន្ធ cross-platform ដែលឱ្យអ្នកប្រើ​ឧបករណ៍ Apple ច្រើន អាច​ជ្រើសរើស​យកប្រើឧបករណ៍មួយណាក៏បាន ដែល​ផ្ទុកទិន្នន័យដូចគ្នាតែមួយ។ សម្រាប់ iOS 8 ក៏បាន​បន្ថែមនូវ Photo App និង Apple Music ផងដែរ។

ចូលមកដល់ iOS 9 និង iOS 10 ដែលចេញ​នៅឆ្នាំ​២០១៥ និងឆ្នាំ​២០១៦ បាន​ធ្វើឱ្យប្រសើរឡើងនូវ Notification, iMessage និង Siri ដែល​អាចប្រើរួមគ្នា​ជាមួយ​ App ទី៣បាន។ សម្រាប់​ iOS 11 ​បញ្ចេញ​ក្នុងឆ្នាំ​២០១៧ ជាមួយ​ iPhone 8 និង iPhone 8 Plus ហើយ iOS 12 ចេញ​ក្នុងឆ្នាំ​២០១៧ រួមជាមួយ ​iPhone XS និង XS Max។

ប្រព័ន្ធប្រតិបត្តិការ​នេះ​ បាន​ជួយលើកមុខមាត់ iPhone កាន់តែខ្លាំង នៅពេល​បញ្ចេញ iOS 13 ក្នុងឆ្នាំ​២០១៩ ដោយ​បន្ថែម​លក្ខណៈពិសេស​ដូចជា៖ Dark Mode, Maps Application ដែល​មានសមត្ថភាព​ដូច Street View, មុខងារ Siri កាន់តែប្រសើរឡើង, Reminder App ដែល​មាន​ប្រភេទ All Task, Schedule Tasks, Flagged Tasks ឬ Finished Tasks និង Health App សម្រាប់​តាមដាន​ទិន្នន័យសុខភាព ក៏ដូចជា​តាមដាន​វដ្តរដូវរបស់ស្រ្តីផងដែរ។

iOS 14 ដែល​បញ្ចេញ​នៅឆ្នាំ​២០២០ បាន​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​លុបសារចេញវិញបាន​ក្នុង Messaging App និងអាច @mention បាន។ វាក៏អាចឱ្យ App ត្រូវបានប្រើប្រាស់​ជា Default សម្រាប់ Web browsing, អ៊ីម៉ែល និងចាក់ចម្រៀង។ ក្រៅពីនោះ Apple ក៏បាន​ច្របាច់បញ្ចូល AR ក្នុងប្រព័ន្ធប្រតិបត្តិការ​នេះផងដែរ។

ចំណែក iOS 15 ដែល​បញ្ចេញ​នៅឆ្នាំ​២០២១ បន្ថែម​មុខងារ​ដូចជា ប្រើ FaceID បាន​ពេលកំពុងពាក់ម៉ាស់, កែសម្រួល Notification, សរសេរអក្សរលើរូបភាព, Safari ឌីហ្សាញថ្មី និង SharePlay on FaceTime។ ក្រៅពីនេះ វា​មានមុខងារ​ចាក់សោរ​ជាមួយ HomeKit door lock និងបន្ថែម​មុខងារសម្រាប់សុខភាព​ដែល​ភ្ជាប់ជាមួយនាឡិកា iWatch។

ងាកមក iOS 16 ដែល​បញ្ចេញ​ក្នុងឆ្នាំ​២០២២ បាន​ដុសខាត់​ personalization នៅលើ lock Screen ដោយ​បន្ថែម Widget ដូចជា អាកាសធាតុ ប្រតិទិន notification និងសកម្មភាព​ប្រចាំថ្ងៃ។ ក្រៅពីនេះ វាបានអាប់ដេត​ទៅលើ SharePlay ដែល​អាចចែក​រំលែក​ចម្រៀង វីដេអូ និង TV show តាមរយៈ Message និងការធ្វើឱ្យទូរសព្ទ​កាន់តែមានសុវត្ថិភាព​តាមរយៈ​ Passkey។

កាន់តែអស្ចារ្យសម្រាប់ iOS ជំនាន់ក្រោយនេះ គឺ iOS 17 ដែល​បញ្ចេញ​ក្នុងឆ្នាំ​២០២៣ មកជាមួយមុខងារ​ unique ដូចជា Live Voicemail, Message ដែល​មកជាមួយ Live Sticker, Standby ដែលបង្ហាញអេក្រង់ពេញ, Contact Poster, NameDrop, Swipe to Reply in iMessage, Interactive Widget, Improved Autocorrect, Apple Maps Offline និង Sticker Drawer ជាដើម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Tech Target

អត្ថបទ៖ សំភី