ហេតុអ្វី​ប្រទេស​ខ្លះ​ប្រើរថយន្តចង្កូតឆ្វេង ឯខ្លះទៀតប្រើចង្កូតស្តាំ?

  • 2024-02-12 07:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោកអ្នកធ្លាប់មានចម្ងល់​ទេថា ហេតុអ្វីប្រទេស​ខ្លះប្រកាន់ឆ្វេង ចំណែកប្រទេស​ខ្លះប្រកាន់ស្តាំ? តួយ៉ាងដូចជាប្រទេសថៃ ជាប្រទេសប្រកាន់ឆ្វេង ឬប្រើរថយន្តចង្កូតស្តាំ ចំណែក​កម្ពុជា ប្រកាន់ស្តាំ ឬប្រើរថយន្តចង្កូតឆ្វេង។

តាម​ស្ថិតិ​ដែល​ប្រមូលបាន​ពី​ប្រទេស​ចំនួន២៤១ បានរកឃើញ​ថា ១ភាគ៣​ ឬស្មើនឹង ៦៨ប្រទេស ដែល​ប្រកាន់​ឆ្វេង ក្នុងនោះរួមមានទាំងជប៉ុន អង់គ្លេស ឥណ្ឌា និងថៃ ខណៈប្រទេសប្រកាន់​ស្តាំ មានដល់ ១៧៣ប្រទេស ក្នុងនោះមាន​ប្រទេសធំៗដូចជា​ អាមេរិក បារាំង និងចិនជាដើម។

ការពិតទៅ កាលពីសម័យបុរាណ មនុស្សភាគច្រើន​បំផុតប្រកាន់ឆ្វេង ពោលគឺ​ធ្វើដំណើរ​ទៅមុខនៅខាងឆ្វេងដៃ ខណៈពេលនោះ​ពួកគេ​ជិះ​សេះ និងរទេះ ជាពិសេស​ក្នុងពេលមានសង្គ្រាម​ ដោយពួកគេងាយស្រួល​ប្រើដៃស្តាំដកដាវចេញពីស្រោម​ប្រយុទ្ធជាមួយសត្រូវ។

ទើបតែមកដល់​ចុងស.វទី១៧ បដិវត្តន៍បារាំង ស្តេច Napoleon Bonaparte ជាមនុស្សដំបូង​គេម្នាក់​នៅប្រទេសបារាំង បានផ្តួចផ្តើមគំនិត​ប្តូរមកធ្វើដំណើរនៅខាងស្តាំដៃវិញ ហើយចាប់ពីពេលនោះមក ឥទ្ធិពលនេះ​បានសាយភាយដល់​បណ្តាដែនដី​ដែលស្ថិតក្រោមអាណានិគម​របស់បារាំង ដោយរួមមានទាំងកម្ពុជា វៀតណាម និងឡាវផងដែរ។

យ៉ាងណាមិញ សម្រាប់អង់គ្លេស និងដែនដី​ដែលអង់គ្លេសកាន់កាប់ គឺ​នៅតែបន្ត​ប្រកាន់ឆ្វេង​ដដែល។ ទោះជាយ៉ាងនេះក្តី ប្រទេស​ខ្លះ​ក៏បានកែសម្រួល​ការដឹកជញ្ជូន​ ឱ្យត្រូវគ្នា​ជាមួយ​នឹង​ប្រទេសជិតខាង​ មានន័យថា បើប្រទេសជិតខាងសុទ្ធតែប្រកាន់ស្តាំ ដូច្នេះប្រទេសខ្លួន​ក៏ត្រូវកែមកប្រកាន់ស្តាំដែរ។ ឧទាហរណ៍​ ប្រទេសកាណាដា បាន​ផ្លាស់ប្តូរ​មកប្រកាន់ស្តាំនៅ​ទសវត្សរ៍ឆ្នាំ​១៩២០ ដើម្បីភ្ជាប់ការធ្វើដំណើរ​ជាមួយសហរដ្ឋអាមេរិក ឱ្យកាន់តែងាយស្រួល។

ចុះមូលហេតុអ្វី​បានជាប្រទេស​ថៃប្រកាន់ឆ្វេង ទាំងមិនជាប់ក្រោមអាណានិគម​អង់គ្លេសផងនោះ? មែនទែនទៅ ចាប់ពីពាក់កណ្តាល​ស.វទី១៨មក ប្រទេសថៃ​បានរងឥទ្ធិពលយ៉ាងខ្លាំងពីអង់គ្លេស។ បន្ថែមលើសនេះ រាជវង្សអង់គ្លេស បាន​បង្ហាញ​យានយន្ត​ដំបូងរបស់អង់គ្លេស ទៅកាន់​ស្តេចថៃ ជាហេតុ​ធ្វើឱ្យថៃ សម្រេច​ជ្រើសរើស​ប្រើយានយន្តចង្កូតស្តាំចាប់តាំងពីពេលនោះមក៕

អត្ថបទ៖ សំភី