អ្នកភូមិបង្កោង ចាប់ត្រីត្រៀមឡើងមាឃ នៅត្រពាំងបុរាណមួយ​ដែលមិនអនុញ្ញាតឱ្យចូលមកនេសាទផ្តេសផ្តាស​ឡើយ

  • 2024-02-12 09:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។

ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាសខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

លោក ពេជ្រ ឃិន មេភូមិបង្កោងមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី