លន បញ្ញា៖ ១-២​ប្រកួត​បាន​ ២០លាន​រៀលជា​ឱកាស​ល្អៗ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ត្រូវ​ប្រឹង​ប្រែង​

  • 2024-02-29 07:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ល្បីឈ្មោះ​លើ​វិថី​គុន​ខ្មែរ​ លន​ បញ្ញា​ ថា​ត្រឹម ១-២​ប្រកួត​បាន​ប្រាក់​រង្វាន់​ ២០​លាន​រៀល​គឺ​ច្រើន​ និង​ជា​ការ​លើក​ទឹកចិត្ត​ធំធេង​មួយ​ ដូច្នេះ​អ្នក​ហាត់​គុន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​តែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​មាន​ឱកាស​ប្រកួត​ដូច​កម្មវិធី​ Idol Kunkhmer ដែល​ឧបត្ថម្ភ​ដោយ GANZBERG​ ស្អែក​នេះ​អីចឹង។​

លន បញ្ញា (ឆ្វេង)

លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ក្រោយ​សន្និសីទ​សារព័ត៌មាន​កម្មវិធី​ Idol Kunkhmer នៅ​ BTV​ ព្រឹកមិញ​នេះ​ថា​ ម៉ារ៉ាតុង​ ៤នាក់​ដែល​ត្រូវ​ប្រកួត​ស្អែក​គឺ​មាន​ប្រាក់​រង្វាន់​ដល់​ទៅ​ ២០លាន​រៀល​ ខណៈ​ពួកគេ​ត្រូវ​ឡើង​ប្រកួត​២ដង​ប៉ុណ្ណោះ​ ពិត​ជា​រឿង​អស្ចារ្យ​ចំពោះ​វិស័យ​ប្រដាល់គុន​ខ្មែរ។​

សន្និសីទ​សារព័ត៌មាន​

ជា​ការ​ផ្ដាំផ្ញើ​របស់​ បញ្ញា​ ទៅ​កាន់​អ្នក​ចង់​ហាត់​គុន​ខ្មែរ​ពិសេស​កីឡាករ​ជំនាន់​ក្រោយ​ៗ​នេះ​បើ​ចាប់​អាជីព​ហើយ​ត្រូវ​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​នៅ​ពេល​ដែល​មាន​សមត្ថភាព​ហើយ​នោះ ​ឱកាស​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ ឬ​ការ​ប្រកួត​ដែល​មាន​ប្រាក់​រង្វាន់​ច្រើន​ៗ​នោះ​នឹង​មាន​សម្រាប់​ខ្លួន​ហើយ។​ ត្រូវ​កំណត់​ក្ដី​ស្រមៃ​ខ្លួន​ឲ្យ​ច្បាស់លាស់​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ។​

សន្និសីទ​សារព័ត៌មាន​

លន​ បញ្ញា​ សូម​ថ្លែង​អំណរគុណ​ដល់​កម្មវិធី​ប្រដាល់​ Idol Kunkhmer​ ឧបត្ថម្ភ​ដោយ​ GANZBERG​ ដែល​បាន​ផ្ដល់​ប្រាក់​រង្វាន់​ច្រើនៗ​ដល់​កីឡាករ​ឡើង​ប្រកួត​ដូច​ជា​កម្មវិធី​ម៉ារ៉ាតុង​ស្អែក​នេះ​នៅ​កំបូល​អីចឹង​ដែរ។​ អ្នក​ប្រដាល់​មក​ពី​ព្រៃវែង​រូប​នេះសូម​ឲ្យ​ក្រុមហ៊ុន​បន្ត​ជួយ​គុន​ខ្មែរ​បន្ថែម​ទៀត​ និង​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ក៏​ដូច​គ្នា​សូម​ងាក​ជួយ​វិស័យ​គុន​ខ្មែរ​ដូច​ជួយ​លើកស្ទួយ​ជីវភាព​កីឡាករ​ កីឡា​ការិនី​ផង​ដែរ។​

សន្និសីទ​សារព័ត៌មាន​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ដ៏​កក្រើក​ សង្វៀន​គុន​ខ្មែរ​អន្តរជាតិ​ (Idol Kukhmer)​ នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃទី១​ ខែ​មីនា​ ឆ្នាំ​២០២៤​ នេះ​ហើយ​នៅ​ខណ្ឌ​កំបូល ​ចាប់​ពី​ម៉ោង​ ៨យប់​តទៅ។​ ការ​ប្រកួត​នេះ​ដែរ​គឺ​មានគូ​ម៉ារ៉ាតុង​ ទម្ងន់​ ៥៧​គីឡូក្រាម​ដណ្ដើម​ខ្សែក្រវាត់​ និង​អម​ដោយ​ប្រាក់​រង្វាន់​ ២០​លាន​រៀល។​ ក្នុង​នោះ​គឺ​ ប៊ុន សុធា​ ប៉ះ​ ណង សាវ​ ពេជ្រ ប៊ុនសិទ្ធ​ ប៉ះ​ រិទ្ធី ចាន់ណា​ អ្នក​ដែល​ឈ្នះ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​តែ​ម្ដង។​ ក្រៅ​តែ​គូ​ម៉ារ៉ាតុង​ក៏​មាន​ ពេជ្រ​ សម្បត្តិ​ លន​ បញ្ញា​ និង​បរទេស​ជា​ច្រើន​រូប​ផង​ដែរ។​ ការ​ប្រកួត​ឧបត្ថម្ភ​ដោយ​ GANZBERG​ និង​មាន​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​ BTV​ ៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​