សហគមន៍នេសាទចំនួន ៤ កំពុងប្រឹងក្រោកឈរ ដើម្បីភ្ញៀវទេសចរ និងផលប្រយោជន៍សហគមន៍

  • 2024-03-01 02:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ២ថ្ងៃពេញ នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ អង្គការ អេដ អេ អាកស្យុង (Aide et Action) បានសម្របសម្រួលឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ៤ស្ថាប័ន ចុះជួបសម្ភាសន៍ និងស្វែងយល់ដោយផ្ទាល់ជាមួយប្រជាសហគន៍នៅក្នុងខេត្ដកំពត និងខេត្ដកែប។

សហគមន៍ដែលផ្ដោតលើវិស័យទេសចរ និងមុខរបរនេសាទចំនួន ៤ បានបង្ហាញបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការងារអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានសមុទ្រ ដើម្បីអាចរក្សានិរន្ដរភាពទិន្នផលនេសាទ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។

ផ្ដើមចេញពីសហគមន៍នេសាទ អូរក្រសារ ខេត្ដកែប។ លោក នួន សុភក្ដ្រ ដែលជាប្រធានសហគមន៍ ឲ្យដឹងថា សហគមន៍របស់លោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានផ្ទៃដីព្រៃកោងកាង និងផ្ទៃទឹកអភិរក្សសរុបចំនួន ៤៤៦ហិកតារ។ សហគមន៍បានជួបបញ្ហាប្រឈមជាច្រើន ប៉ុន្ដែត្រូវបានដោះស្រាយជាបន្ដបន្ទាប់។

ជាក់ស្ដែងថ្មីៗនេះ មានក្រុមហ៊ុនអភិវឌ្ឍផ្ទះលំហែមួយ បានចាក់ដីជ្រុលចូលសមុទ្រ រហូតចាក់លុបផ្ដាច់ចរន្ដទឹកហូរចេញចូលនាំឲ្យងាប់ដើមកោងកាងមួយចំនួន ប៉ុន្ដែដើមកោងកាងបានរស់ និងប្រែពណ៌ខៀវខ្ចីឡើងវិញ ក្រោយពីកាយដីបើកមុខទឹកឡើងវិញ។

ទន្ទឹមគ្នានេះ សហគមន៍ ក៏ខ្វះខាតលទ្ធភាពអភិវឌ្ឍសហគមន៍ទាំងមូលរីកជម្រើនបានលឿន ខណៈដែលចំណេះដឹងរបស់សមាជិកសហគមន៍ទាំង១០រូប នៅមានកម្រិត ហើយបញ្ហាបទល្មើស និងប្រឈមមួយចំនួននៅតែបន្ដយាយី។

ចំណែកប្រធានសហគមន៍នេសាទកំពង់សាមគ្គី ខេត្ដកំពត លោក សុខ កៅ មានប្រសាសន៍ថា សម្រាប់សហគមន៍របស់លោក ក្រៅពីកិច្ចការពារព្រៃកោងកាង ទប់ស្កាត់បទល្មើសនេសាទ និងអភិរក្សសត្វស្លាប ដើម្បីទាក់ទាញភ្ញៀវទេសចរ សហគមន៍បានយកចិត្ដទុកដាក់ការពារស្មៅសមុទ្រទំហំ ៥០ហិកតារដែរ។ ស្មៅសមុទ្រ មានអត្ថប្រយោជន៍ក្នុងការផលិតអុកស៊ីហ្សែនសម្រាប់សត្វរស់នៅក្នុងទឹក ជារនាំងទប់ស្កាត់ និងកាត់បន្ថយកម្លាំងខ្យល់ព្យុះ កាត់បន្ថយជាតិពុលក្នុងសមុទ្រ ហើយវាក៏ជាជម្រកយ៉ាងសំខាន់សម្រាប់សត្វរស់នៅ បង្កាត់ពូជ ពងកូន និងរីកធំធាត់ផងដែរ។

តាមបទពិសោធន៍ផ្ទាល់របស់លោក ហ្វូងត្រី ឬក្ដាមដែលនេសាទបាននៅតំបន់មានស្មៅសមុទ្រ គឺមានរស់ជាតិឆ្ងាញ់បំផុត។ ដោយមើលឃើញពីអត្ថប្រយោជន៍ទាំងនេះហើយ ទើបលោក និងសមាជិកសហគមន៍ទាំងមូល ប្រឹងប្រែងអភិរក្សស្មៅសមុទ្រ ហើយក៏បង្កើនការដាំកូនដើមកោងកាង សង់ផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ព្រមទាំងបង្ករបង្កើនទិនផលត្រីនិងក្ដាមសមុទ្រដែលមានគុណភាព ដើម្បីតម្រូវការរបស់ភ្ញៀវទេសចរផង និងដើម្បីភាពរីកចម្រើនក្នុងសហគមន៍ផង។

ក្រោយបញ្ចប់បេសកកម្មនៅសហគមន៍នេសាទទាំងពីរ ក្រុមអ្នកសារព័ត៌មាន និងតំណាងអង្គការ អេដ អេ អាកស្យុង(Aide et Action) បានធ្វើដំណើរតាមទូកឆ្ពោះទៅកាន់សហគមន៍ទេសចរណ៍ត្រពាំងសង្កែ។ សហគមន៍អេកូទេសចរដែលជាប់ចំណាត់ថ្នាក់លេខ១ ឬល្អដាច់គេនៅក្នុងខេត្ដកំពតនេះ ត្រូវបានគេមើលឃើញចំណុចពិសេសៗជាច្រើន។

ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែលោក សឹម ហ៊ីម បញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សហគមន៍ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាង ៥ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេស ៦០០០នាក់។ ភ្ញៀវ ៨០% មកជិះទូកកម្សាន្ដក្នុងតំបន់អភិរក្សសហគមន៍ រីឯ២០%ទៀត គឺស្នាក់នៅ។ នៅអំឡុងពេលស្នាក់នៅរបស់ភ្ញៀវ ក៏មានតម្រូវការម្ហូបអាហារ ជាពិសេសគ្រឿងសមុទ្រដែលមានរស់ជាតិឆ្ងាញ់ដែរ ដូច្នេះទើបលោកផ្ដួចផ្ដើមឲ្យមានការចិញ្ចឹមក្ដាម និងត្រីស្ពង់បន្ថែម។

ចេញផុតពីសហគមន៍ទេសចរត្រពាំងសង្កែ ចូលមកដល់សហគមន៍នេសាទ ២ផ្សេងទៀត ដែលស្ថិតនៅក្នុងស្រុកទឹកឈូ និងនៅក្រុងបូកគោ ខេត្ដកំពត។ នោះ គឺសហគមន៍នេសាទព្រែកត្នោត ស្រុកទឹកឈូ និងសហគមន៍នេសាទព្រែកអំពិល ក្រុងបូកគោ ដោយសហគមន៍ទាំងពីរនេះ មានលក្ខណៈពិសេស និងចំណុចគួរឲ្យចាប់អារម្មណ៍ផ្សេងៗគ្នា។

នៅសហគមន៍នេសាទព្រែកត្នោតមានសត្វផ្សោតទឹកប្រៃជាច្រើនក្បាល ដែលសត្វផ្សោតទាំងនេះ ត្រូវបានគេប្រទះឃើញតាំងពីអំឡុងឆ្នាំ១៩៧៩។ បច្ចុប្បន្នវត្ដមានសត្វផ្សោតកាន់តែច្រើន ក្រោយពីសហគមន៍នេះ បានបង្កើតឡើង ដោយមានការជួយជ្រោមជ្រែងពីអង្គការដៃគូ មន្ដ្រីជំនាញជលផល ដើម្បីអភិរក្សសត្វផ្សោតជាពិសេស។ ទោះជាយ៉ាងណា បទល្មើសនេសាទ ដោយជនល្មើសប្រើទូក និងឧបករណ៍ខុសច្បាប់ធំៗ បានរំខានដល់ការរស់នៅរបស់ផ្សោត ខូចផ្កាថ្ម និងកន្លែងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ស្មៅសមុទ្រដែលជាជជម្រកយ៉ាងសំខាន់របស់មច្ឆាជាតិទៀតផង។

ចំណែកសហគមន៍នេសាទព្រែកអំពិល ដែលជាទិសដៅមួយចុងក្រោយគេរបស់ក្រុមអ្នកសារព័ត៌មាន ក៏មានលក្ខណៈពិសេសរបស់ខ្លួនដែរ។ នៅទីនេះ គេចាប់អារម្មណ៍លើមុខរបរដាំសារ៉ាយសមុទ្រ នេសាទត្រី និងអយស្ទ័រតាមបែបធម្មជាតិ ព្រមទាំងការចិញ្ចឹមអយស្ទ័ររបស់ប្រជានេសាទមួយចំនួន។ ដ្បិតគម្រោងចិញ្ចឹមអយស្ទ័រនៅក្នុងសហគមន៍នេះមានតិច ហើយស្ថិតក្នុងដំណាក់កាលសាកល្បងផងនោះ មន្ដ្រីមូលដ្ឋានរបស់អង្គការ អេដ អេ អាកស្យុង គាំទ្រគម្រោងដោយ EU CAPFISH បានប្ដេជ្ញាថា នឹងធ្វើឲ្យសហគមន៍ព្រែកអំពិល និងសហគមន៍បីផ្សេងទៀត មានការរីកចម្រើន៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី