នៅចាំ​ការបាត់ខ្លួនយន្តហោះ MH370 កាលពី១០ឆ្នាំមុនទេ? ពេលនេះម៉ាឡេស៊ី ប្រកាស​ស្វែងរកយន្តហោះនេះឡើង​វិញហើយ

  • 2024-03-04 08:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់ខែមីនា ឆ្នាំ​២០២៤នេះ គឺមានរយៈពេល១០ឆ្នាំហើយ ដែលយន្តហោះរបស់​ក្រុមហ៊ុនអាកាសចរណ៍​ម៉ាឡេស៊ី MH370 បានបាត់ខ្លួន ដោយមិនទាន់រកឃើញនៅឡើយទេ។ ក្រោយការបាត់ខ្លួននេះ ក្រុមរុករកបាន​ស្វែងរកជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៨ ទើប​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសបញ្ឈប់ការរុករក បន្ទាប់ពីមិនទទួលបានតម្រុយអ្វីសោះ។

យ៉ាងណាមិញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២៤ រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បាន​ប្រកាស​ថារដ្ឋាភិបាលម៉ាឡេស៊ី ប្តេជ្ញាបន្ត​ស្វែងរកយន្តហោះ MH370 នេះឡើងវិញ។

លោកបាន​ឱ្យដឹងថា ក្រុមហ៊ុនរុករកបាតសមុទ្រអាមេរិក Ocean Infinity បាន​ដាក់ពាក្យស្នើសុំ​រុករកម្តងទៀត ក្រោយបរាជ័យ ២លើក។ សំណើលើកនេះ គឺក្រោមពាក្យថា «រកមិនឃើញមិនយកលុយ» ត្រូវបាន​អនុម័តដោយ​គណៈរដ្ឋមន្រ្តីម៉ាឡេស៊ី។

គួរដឹង​ថា ក្រុមហ៊ុន Ocean Infinity បាន​ប៉ុនប៉ងស្វែងរកយន្តហោះ MH370 ចុងក្រោយបំផុត ក្នុងឆ្នាំ ២០១៨ ដោយ​នឹងទទួលបានទឹកប្រាក់ ៧០លានដុល្លារពីម៉ាឡេស៊ី ប្រសិនបើរកឃើញ។

កាលពីឆ្នាំ​២០១៧ ម៉ាឡេស៊ី ចិន និងអូស្រ្តាលី បាន​បញ្ចប់​ការរុករក​ក្រោមទឹក ដែលបាន​ចំណាយអស់ ១៣០លានដុល្លារ។

សូមរំលឹក​ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០១៤ យន្តហោះ MH370 ដែលដឹកមនុស្ស ២៣៩នាក់ បានបាត់​ខ្លួនយ៉ាងអាថ៌កំបាំង ​ក្នុងអំឡុងពេល​ធ្វើដំណើរ​ពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីទៅកាន់ក្រុងប៉េកាំង ប្រទេសចិន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី