Kane អាចមិនបានឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ ទោះ​មាន​ទម្រង់​លេង​ល្អ

  • 2024-03-06 11:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Harry Kane អាច​បន្ត​កំណត់​ត្រា​មិន​ដែល​ឈ្នះ​ពាន​ជា​ក្រុម​ក្នុង​រដូវ​កាល​នេះ បើ​ទោះ​ជា​មាន​ទម្រង់​លេង​ល្អ​ក្ដី។

មូលហេតុ​គឺ​ដោយ​សារ​ Bayern Munich ក្នុង​លក្ខណៈ​ជា​ក្រុម បាន​ធ្លាក់​ទម្រង់​លេង​ក្នុង​រដូវ​កាល​ ២០២៣/២០២៤។ បច្ចុប្បន្ន​ ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ ក្លឹប​កំពុង​ឈរ​ ២ មាន ៥៤ ពិន្ទុ​ក្នុង​ដៃ ឃ្លាត​ចំនួន ១០ ពិន្ទុ​ពី​ក្លឹប​កំពូល​តារាង Bayer Leverkusen ដែល​មាន ៦៤ ពិន្ទុ។ បើ​សិន​ជា​ស្ថានភាព​បែប​នេះ​នៅ​តែ​បន្ត​ រដូវ​កាល​នេះ​អាច​ជា​រដូវ​កាល​ដំបូង​ក្នុង​រយៈ​ពេល ១២ រដូវ​កាល​ចុង​ក្រោយ ដែល Bayern មិន​បាន​ឈ្នះ​ពាន​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga។

លើស​ពី​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ Bayern Munich បាន​ធ្លាក់​ពី​កម្មវិធី German Cup ក្រោយ​ចាញ់​ក្លឹប​លីគ​លំដាប់​ ៣ FC Saarbrücken ក្នុង​លទ្ធផល ២ ទល់​នឹង ១។

ក្នុង​កម្មវិធី Champions League បើ​ទោះ​ជា​ Bayern ទើប​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ តែ​មជ្ឈដ្ឋាន​បាល់ទាត់​​ជា​ច្រើន​យល់​ថា​ ជាមួយ​ទម្រង់​លេង​បច្ចុប្បន្ន​របស់ Bayern ក្លឹប​មាន​ឱកាស​តិច​ក្នុង​ការ​យក​ឈ្នះ Champions League ជា​ពិសេស​នៅ​ពេល​ក្លឹប​ខ្លាំងៗ​ដូច​ជា​ Real Madrid និង Manchester City កំពុង​ឡើង​ទម្រង់​លេង។

ហេតុ​ដូច្នេះ លទ្ធភាព​ដែល​ Bayern អាច​មិន​ឈ្នះ​ពាន​អ្វី​សោះ​ក្នុង​រដូវ​កាល​នេះ​គឺ​អាច​ក្លាយ​ជា​ការ​ពិត។ នេះ​អាច​ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​ក្លឹប​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​អ្នក​ចាត់​ការ Thomas Tuchel នៅ​ចប់​រដូវ​កាល​នេះ។

បើ​សិន​ Bayern មិន​ឈ្នះ​ពាន​មែន​ក្នុង​រដូវ​កាល​នេះ មាន​ន័យ​ថា Harry Kane បាន​បន្ត​កំណត់​ត្រា​មិន​ដែល​ឈ្នះ​ពាន​ជា​ក្រុម​ក្នុង​រដូវ​កាល​នេះ។

Kane មិន​ដែល​ឈ្នះ​ពាន​ធំៗ​ជាមួយ​ក្លឹប​នោះ​ទេ បើ​ទោះ​ជា​តែង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​កម្រិត​បុគ្គល​យ៉ាង​ណា​ក្ដី។ មុន​មក​ចូល​រួម​ Bayern កាល​ពី​រដូវ​កាល​មុន ក្នុង​តម្លៃ​ប្រមាណ ១០០ លាន​អឺរ៉ូ ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ Kane បាន​ចំណាយ​ពេល​ដល់​ទៅ ១៣ រដូវ​កាល​លេង​ឲ្យ​ក្លឹប​អង់គ្លេស Tottenham Hotspur។ ក្នុង​អំឡុង​ពេល​នោះ កីឡាករ​លេង​សរុប ៤៣៥ ប្រកួត និង​ស៊ុត​ចូល​ ២៨០ គ្រាប់ ហើយ​បាន​ឈ្នះ​ពាន​ឯកជន​ជា​ច្រើន ដូច​ជា​ឈ្នះ​ស្បែក​ជើង​មាស Premier League ដល់​ទៅ ៣ ដង។ ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ មិន​ដែល​ធ្លាប់​ស្គាល់​រសជាតិ​ឈ្នះ​ពាន​ជា​ក្រុម​ឡើយ។

កាល​ពី​ខែ​សីហា ឆ្នាំ ២០២៣ កីឡាករ​បាន​សម្រេច​ចេញ​ពី Spurs មក​ចូល​រួម​ជាមួយ Bayern ដោយ​ចុះ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ។ កីឡាករ​បាន​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​នោះ​លេង​សរុប ៣៣ ប្រកួត និង​ស៊ុត​ចូល ៣៣ គ្រាប់។ យ៉ាង​នេះ​ក្ដី បើ​ Bayern មិន​អាច​ឈ្នះ​ពាន​អ្វី​សោះ​ក្នុង​រដូវ​កាល​នេះ មាន​ន័យ​ថា Kane ប្រមាណ​ត្រូវ​រង់​ចាំ​រដូវ​កាល​ក្រោយ​ៗ​ដើម្បី​មាន​ឱកាស​ឈ្នះ​ពាន​ជា​ក្រុម​ជាមួយ Bayern ដែល​ជា​បណ្ដា​ពាន​ជា​ក្រុម​ដំបូង​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ឈ្នះ​ក្នុង​អាជីព​របស់​ខ្លួន៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម