ក្រោយជួបតារាល្បីៗនៅកូរ៉េ ស៊ីន យូប៊ីន គ្រោងចេញទៅកម្មវិធីអន្តរជាតិដ៏ធំមួយទៀតនៅបារាំង

  • 2024-03-18 04:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមុខមាត់ថ្មីមួយទៀតសម្រាប់សិល្បករកម្ពុជា កញ្ញា ស៊ីន យូប៊ីន ដោយតារាសម្តែងឆ្នើមរូបនេះបានដឹកដៃប្អូនស្រី ស៊ីន ជេននី ទៅចូលរួមកម្មវិធីដ៏ល្បីរបស់ BVLGARI នៅទីក្រុង Seoul ប្រទេសកូរ៉េ។

មិនដែលធ្វើឱ្យហ្វេនៗអស់សង្ឃឹមម្តងណាឡើយ សិល្បករកម្ពុជារូបនេះ បានបញ្ចេញពន្លឺរស្មីចែងចាំងលើឆាកអន្តរជាតិ ថែមទាំងបានបង្ហាញភាពស្និទ្ធស្នាលជាមួយតារាអន្តរជាតិល្បីៗជាច្រើនរូបទៀតផង។ អ្វីដែលធ្វើឱ្យហ្វេនរំភើបខ្លាំងនោះគឺ យូប៊ីន បានជួប Lisa សមាជិកក្រុម Black Pink ដោយផ្ទាល់ ថែមទាំងមានការឱបរាក់ទាក់គ្នាយ៉ាងស្និទ្ធស្នាលទៀតផង។ មិនមែនតែ យូប៊ីន ម្នាក់ទេ សូម្បីតែ ជេននី ក៏បានឱបរាក់ទាក់ជាមួយ Lisa និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាទៀត។

ក្រៅពីបានជួប Lisa សមាជិកក្រុម Black Pink បងប្អូនស្រីទាំងពីររូប ក៏បានជួបថតរូបជាមួយតារាល្បីជាច្រើននាក់ទៀតផងដែរ ធ្វើឱ្យហ្វេនៗមានមោទនភាពលើរូបនាងជាខ្លាំង។

បន្ទាប់ពីលេចមុខចូលរួមកម្មវិធីដ៏ល្បីរបស់ BVLGARI នៅទីក្រុង Seoul ប្រទេសកូរ៉េ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន មានគម្រោងចេញទៅកម្មវិធីអន្តរជាតិធំមួយទៀតនៅប្រទេសបារាំង អំឡុងខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការបញ្ជាក់ប្រាប់ពី កញ្ញា ស៊ីន យូប៊ីន ក្នុងពិធីជំនួបតារា និង Mini Concert រឿង «ដឹកបេះដូងរកស្នេហ៍» កាលពីពេលថ្មីៗកន្លងទៅ។

ក្នុងនោះ យូប៊ីន មិនបានបញ្ជាក់ឱ្យដឹងពីឈ្មោះកម្មវិធីអ្វីឡើយ នាងគ្រាន់តែប្រាប់ថា ជាកម្មវិធីលំដាប់អន្តរជាតិធំមួយ ហើយនាងពិតជាមានមោទនភាពខ្លាំងក្នុងនាមជាសិល្បករខ្មែរ ត្រៀមបង្ហាញខ្លួនក្នុងកម្មវិធីអន្តរជាតិដ៏ធំនោះ។

មិនបង្ហើបឱ្យដឹងពីឈ្មោះកម្មវិធីក៏ពិតមែន យូប៊ីន ចង់ឱ្យហ្វេនៗរង់ចាំមើលទាំងអស់គ្នា តើនាងនឹងនាំយកសិល្បៈវប្បធម៌ខ្មែរអ្វីលើបង្ហាញលើឆាកអន្តរជាតិលើកនេះ។ ប៉ុន្តែការបង្ហាញចេញទៅបានកម្រិតណានោះ ក៏អាស្រ័យលើកម្មវិធីនោះដែរ ព្រោះយើងត្រូវតម្រូវកម្មវិធីគេដែរ មិនអាចធ្វើតាមអំពើចិត្តរបស់យើងបាននោះឡើយ៕

អត្ថបទ៖ Ah Mouy