ឡានចត​ហាលក្តៅ ពេលចូល​ក្នុងឡានវិញ ដូចក្នុងឡ! តែប្រយ័ត្ន​កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងកប់ពេក

  • 2024-03-18 07:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធម៉ាស៊ីនត្រជាក់ ជាផ្នែក​ដ៏សំខាន់មួយ​នៃរថយន្ត ជាពិសេស​ក្នុងអំឡុងពេល​ដែលមាន​អាកាសធាតុក្តៅបែបនេះ បើម៉ាស៊ីនត្រជាក់ មានបញ្ហាហើយ គឺពិតជាពិបាកណាស់។ ដូច្នេះ​ខាងក្រោមនេះ គឺ​ជាវិធីសាស្រ្ត​ចំនួន៤ ដែល​លោក​គួរអនុវត្ត ដើម្បីថែរក្សា​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់រថយន្ត ដើម្បីកុំឱ្យវាខូចទាន់៖

១. លាង​ម៉ាស៊ីនត្រជាក់៖ ការលាង​ម៉ាស៊ីនត្រជាក់​ជាទៀងទាត់ នឹង​ជួយកំចាត់​បាក់តេរីផ្សេងៗ និង​ជួយឱ្យខ្យល់បាញ់ចេញ​មក​ ល្អត្រជាក់ស្រួល ជាពិសេស​គឺជួយ​បង្កើនអាយុកាល​កញ្ច្រែង​ម៉ាស៊ីនត្រជាក់ និងកុំប្រេស័រ​ជាដើម។ បច្ចុប្បន្ន ការលាង​សម្អាតម៉ាស៊ីនត្រជាក់ មាន២របៀប គឺរើតាបឡូ និងមួយទៀត​មិនចាំបាច់រើតាបឡូនោះទេ ដោយគ្រាន់តែស៊ូកទុយោបាញ់ស្ព្រៃយ៍ចូលព្រិលម៉ាស៊ីនត្រជាក់ ជាការស្រេច។

២. កុំបើកម៉ាស៊ីនត្រជាក់​ខ្លាំងកប់ពេក៖ ​​​​ប្រាកដណាស់​ ពេលចូលក្នុងរថយន្ត​ដែល​កំពុងចតចោលហាលក្តៅ លោកអ្នក​ប្រាកដជាមានអារម្មណ៍ថា ដូចនៅក្នុងឡអ៊ីចឹង ហេតុនេះ​នឹង​បើកម៉ាស៊ីនត្រជាក់ខ្លាំងអស់លេខ ដើម្បី​ឆាប់ត្រជាក់ក្នុងកាប៊ីន។ យ៉ាងណាមិញ ការធ្វើ​បែបនេះ នឹង​បង្ក​ឱ្យមានសំណើមច្រើន ផ្តុំគ្នា​នៅក្នុងម៉ាស៊ីនត្រជាក់ និងអាចធ្វើឱ្យស្ទះ ឬមានច្រែស​ផងដែរ។ បន្ថែមលើសនេះ វា​ក៏នឹង​ធ្វើឱ្យម៉ាស៊ីនរាងប្រឹងខ្លាំង ស៊ីសាំង​ជាងមុនទៀតផង។ វិធីល្អបំផុត​គឺ​គ្រាន់តែបើកម៉ាស៊ីនត្រជាក់ល្មមៗ ហើយរង់ចាំតែមួយសន្ទុះ គឺ​វានឹងត្រជាក់វិញហើយ។

៣. ចៀសវាងប្រើ​ម៉ូដម៉ាស៊ីនត្រជាក់​អូតូ៖ នៅពេល​​កំណត់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​អូតូ​ វា​នឹង​ផ្លាស់ប្តូរសីតុណ្ហភាព​ក្នុងកាប៊ីន​ដោយខ្លួនវា​ដល់ចំណុច​ដែល​បានកំណត់ យ៉ាងលឿនរហ័ស។ ជួនកាល វា​នឹង​ធ្វើឱ្យកង្ហា​ម៉ាស៊ីនត្រជាក់ វិលខ្លាំង​ដល់ល្បឿនអប្បបរមា​ដែលមិនចាំបាច់ បន្ថយ​អាយុកាល​របស់​កង្ហា។ ពេលខ្លះទៀត​ តាមប្រភេទរថយន្តមួយចំនួន នៅពេល​បើកម៉ូដអូតូ វា​នឹងទាញ​ខ្យល់​ពីខាងក្រៅចូលក្នុងកាប៊ីន​ដោយស្វ័យប្រវត្តិ ដែលបែរ​ជាមិនអាចឱ្យក្នុងកាប៊ីន ឆាប់ត្រជាក់ឡើយ។

៤. កុំភ្លេចពីតម្រងម៉ាស៊ីនត្រជាក់៖ តម្រង​ម៉ាស៊ីនត្រជាក់ មាន​តួនាទីសំខាន់​ក្នុងការទប់​នូវកម្ទេច​ធូលី​ដែលមានក្នុងខ្យល់​ ចូលក្នុងម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះ បើកត់សម្គាល់ថា ម៉ាស៊ីន​ត្រជាក់ មិនសូវបាញ់ខ្យល់ខ្លាំងគ្រប់គ្រាន់ លោកអ្នកក៏ពិចារណាលើបញ្ហា​របស់​តម្រងនេះផងដែរ ដោយដោះពិនិត្យមើល ឬផ្លាស់ប្តូរចេញតែម្តង៕

អត្ថបទ៖ សំភី