គួរចាប់អារម្មណ៍! ផ្លូវល្បឿនលឿនទាំង៣ខ្សែរបស់កម្ពុជា សុទ្ធតែមានចំណុចចាប់ផ្តើម​ភ្ជាប់​ផ្លូវក្រវាត់ក្រុងទី៣ (មហាវិថី ស៊ី ជីនពីង-មហាវិថីឈ្នះឈ្នះ)

  • 2024-07-26 03:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវល្បឿនលឿនទាំង៣ខ្សែរបស់កម្ពុជា ដែល​ក្នុងនោះ មាន១ខ្សែបានសង់រួចរាល់ និង​កំពុងដំណើរការ គឺផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ, ១ខ្សែ​កំពុងសាងសង់ គឺផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និង​១ខ្សែ​ទៀត​កំពុងស្ថិតក្នុងគម្រោងនៅឡើយ​ គឺផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។

អ្វី​ដែល​គួរឱ្យចាប់អារម្មណ៍​ចំពោះផ្លូវល្បឿនលឿនទាំង៣នេះ គឺ​សុទ្ធតែមានចំណុចចាប់ផ្តើម​ដែលភ្ជាប់​ជាមួយ​ផ្លូវក្រវាត់ក្រុងទី៣ ឬ មហាវិថី ស៊ី ជីនពីង-មហាវិថីឈ្នះឈ្នះ។

១. ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ លាតសន្ធឹង​ពីខាងលិចរាជធានីភ្នំពេញ តភ្ជាប់​មហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅទិសនិរតី ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន​ប្រវែងប្រហែល ១៩០គីឡូម៉ែត្រ។

២. ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានចំណុចចាប់ផ្តើម​ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ខេត្តព្រៃវែង ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវល្បឿនលឿនប្រវែង ១៣៥គីឡូម៉ែត្រ​នេះ តភ្ជាប់​ជាមួយមហាវិថី ស៊ី ជីនពីង តាមរយៈ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

៣. ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម មានចំណុចចាប់ផ្តើមពីភាគខាងជើង មហាវិថីឈ្នះឈ្នះ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) ដោយឆ្លងកាត់ ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ សំភី