រៀបការរួចរាសី នួន វិចិត្រ ឡើងខ្ពស់ត្រដែតបានប្រាក់រង្វាន់​ខ្ទង់ពាន់ដុល្លារឈ្នះពាន៣គ្រឿង

  • 2024-03-27 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំដ៏​ស្រស់​សោភា ភ័ណ្ឌ ម៉ារីណែត កាលពីពេលថ្មីៗនេះរាសីរបស់​អ្នកប៉ះសេឆ្នើម នួន វិចិត្រ ហាក់ឡើងខ្ពស់ត្រដែតដោយរូបគេឈ្នះពានបាល់ទះចំនួន​ ៣ គ្រឿងនិងទទួលបានប្រាក់លើកទឹកចិត្តខ្ទង់ពានដុល្លារពីថ្នាក់ដឹកនាំក្លឹប​។

ពានរង្វាន់៣គ្រឿងដែលអ្នកប៉ះសេមានដើមកំណើតមកពីខេត្តស្វាយរៀងទទួលបានមានដូចជាពានរង្វាន់ដ៏ធំ​និង​ដំបូង​គេ​តេជោលីគរដូវកាលទី១ ឆ្នាំ២០២៣-២០២៤ ក្រោយជួយ​ឱ្យ​ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ឈ្នះសមាគមបាល់ទះវិសាខា៣សិតទល់១សិតនៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់​ពី​ពាន​រង្វាន់​តេជោលីគ​ទៅ នួន វិចិត្រ បាន​ជួយ​ឱ្យ​ក្លឹបកងអន្តរាគមន៍ទី៣ ការពារ៣១១ ឈ្នះកងវរសេនាតូចទី២ កាំជ្រួចការពារអាកាស ៣សិតទល់នឹង១សិតនៅវគ្គផ្ដាច់ព្រ័ត្រ លើក​ពាន​រង្វាន់ផ្ទៃក្នុងរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេញ្ជាការបញ្ជាការដ្ឋានអង្គរក្ស កាល​ពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លើក​ពាន​ផ្ទៃក្នុង​មិនទាន់​បាន​ប៉ុន្មាន​ផង​ថ្មីៗនេះ វិចិត្រ បានជួយឲ្យក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុលើកពានភូមិភាគ៤ស្មើទូទាំងប្រទេស WURKZ Special Volleyball Cup 4x4 នៅមណ្ឌលខេត្តព្រះសីហនុ​ទៀត​​ផង។

ទាំងនេះជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់អ្នកប៉ះសេឆ្នើមដៃទី១របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស នួន វិចិត្រ ក្រោយកីឡាកររូបនេះចូលរោងជ័យកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទ៖ Um Sopheak

អត្ថបទពេញនិយម