រដ្ឋសភាថៃ អនុម័តច្បាប់អនុញ្ញាតឱ្យរៀបការភេទដូចគ្នា
- 2024-03-27 09:27:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋសភាថៃ អនុម័តច្បាប់អនុញ្ញាតឱ្យរៀបការភេទដូចគ្នា
ចន្លោះមិនឃើញ
រដ្ឋសភារបស់ប្រទេសថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានអនុម័តច្បាប់អនុញ្ញាតឱ្យភេទដូចគ្នារៀបការបាន ដែលជាការបើកផ្លូវសម្រាប់ប្រទេសមួយនេះ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ាន ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា។
ការបោះឆ្នោតយល់ព្រមនេះ ធ្វើឡើងតាមរយៈសំឡេង ៣៩៩ ទល់នឹង ១០សំឡេងក្នុងសម័យប្រជុំរដ្ឋសភា។ តែយ៉ាងណាមិញ ច្បាប់នេះត្រូវការអនុម័តសម្រេចបន្ថែមទៀតពីព្រឹទ្ធសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ ទើបច្បាប់ចូលជាធរមាន និងអនុវត្តនៅទូទាំងប្រទេសបាន។
លោក Danuphorn Punnakanta តំណាងរាស្រ្ត និងជាប្រធានគណៈកម្មាធិការសមភាពអាពាហ៍ពិពាហ៍ បានថ្លែងថា នេះគឺជាការចាប់ផ្តើមឆ្ពោះទៅរកភាពស្មើគ្នា។ ច្បាប់នេះ នឹងប្រគល់សិទ្ធិទៅឱ្យក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នា។
ក្រោមច្បាប់ថ្មីនេះ នឹងត្រូវចាត់ទុកការរៀបការថា ជាដៃគូ១ រវាងបុគ្គល២នាក់ ជំនួសឱ្យការប្រើពាក្យ បុរស និងស្រ្តី ហើយវានឹងផ្តល់ឱ្យប្តីប្រពន្ធភេទដូចគ្នា មានសិទ្ធិដូចគ្នាក្នុងការទទួលបានលើផ្នែកពន្ធដារ ទ្រព្យសម្បត្តិកេរ្តិ៍មរតក និងការព្យាបាលជំងឺ ព្រមទាំងអាចស្នើសុំកូនមកចិញ្ចឹមបាន៕