រញ្ជួយដីតៃវ៉ាន់ខ្លាំងបំផុត៖ បាក់រលំអគារជាង១០០ មនុស្សស្លាប់កើនដល់ ៧នាក់ និងរបួសជាង ៧០០នាក់

  • 2024-04-03 07:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកត្រឹមរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ​២០២៤នេះ មនុស្ស ៧នាក់បានស្លាប់ និងជាង ៧០០នាក់ បានរងរបួស ព្រមទាំងមនុស្សរាប់សិបនាក់​ជាប់ក្នុងអគារ​ដែលបានបាក់រលំ ក្នុងគ្រោះ​មហន្តរាយ​រញ្ជួយដី​ដ៏ខ្លាំងបំផុត​ នៅតៃវ៉ាន់ ដែល​បានកើតឡើង​កាលពីថ្ងៃទី២ ខែមេសាម្សិលមិញ។

រញ្ជួយដីនេះ មានរង្វាស់​ ៧,២រ៉ិចទ័រ ជាកម្រិត​មួយដ៏ខ្លាំងបំផុត​ក្នុងរយៈពេល ២៥ឆ្នាំរបស់តៃវ៉ាន់ ដែលបាន​កើតឡើង​នៅចម្ងាយ ១៨គីឡូម៉ែត្រពីក្រុង Hualien។ ជាមួយគ្នានេះ ក៏មានការព្រមានពីរលកយក្សស៊ូណាមិផងដែរ ដោយ​នៅចម្ងាយ ១០០គីឡូម៉ែត្រ ពីចំណុចរញ្ជួយដី ទឹករលកឡើង​កម្ពស់កន្លះម៉ែត្រ។

អគារ​ជាង១០០ ត្រូវបាន​បំផ្លាញ ក្នុងនោះតាមរយៈវីដេអូ​ដែលបង្ហោះលើបណ្តាញសង្គម បាន​បង្ហាញពីអគារ​ជាច្រើន​បានបាក់រលំ​ក្នុងទីក្រុង Hualien ហើយមាន​មនុស្សដែលជាប់គាំងក្នុងអគារនោះ បាន​រត់គេចចេញ​តាមបង្អួច។ ចំណែក​ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត កំពុងត្រូវបានវាយតម្លៃ ខណៈមនុស្សជាង ៩ម៉ឺនគ្រួសារ គ្មាន​អគ្គិសនីប្រើប្រាស់។

គួររំលឹកថា តៃវ៉ាន់ធ្លាប់​ជួបគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត​ក្នុងឆ្នាំ​១៩៩៩ ដែលកាលនោះវាមានរង្វាស់ ៧,៧រ៉ិចទ័រឯណោះ វាយប្រហារ​ភាគខាងត្បូងក្រុងតៃប៉ិ ដោយបានសម្លាប់មនុស្ស ២៤០០នាក់ និងរងរបួសជាង ១ម៉ឺននាក់៕

អត្ថបទ៖ សំភី