តានតឹង​រហូត​ទាត់​បាល់​ ១១ម៉ែទ្រ​កាត់សេចក្ដី! ​ទើប​រក​ឃើញ​ជើងឯក​ពាន​រង្វាន់​ខណ្ឌកំបូល​ លើកទី៣​ ម្សិលមិញ​

  • 2024-04-04 04:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រពាន​រង្វាន់​បាល់ទាត់​ខណ្ឌ​កំបូល​ រវាង​ក្រុម​បាល់ទាត់​សង្កាត់​ស្នោរ A ​និង​ក្រុម​បាល់ទាត់​សង្កាត់​កំបូល​ A​ បុក​ទៅ​បុក​មក​ពេញ​ ៩០នាទី​បាន​ត្រឹម​លទ្ធផល​ស្មើ​ ២-២​ ប៉ុណ្ណោះ​រហូត​ឈាន​ដល់​បាល់​កាត់សេចក្ដី​ ១១ម៉ែត្រ​ទើប​រក​ឃើញ​ក្រុម​ឈ្នះ​លើក​ពាន​រដូវ​កាល​ទី៣​នេះ។​ ក្រុម​បាល់ទាត់​សង្កាត់​កំបូល A​ ក្លាយ​ជា​ជើងឯក​បន្ទាប់​ពីឈ្នះ​លើ​ការ​ទាត់​បាល់ ១១ម៉ែត្រ កាត់សេចក្ដី​ដោយ​លទ្ធផល​ ៤-២​ កាល​ពី​រសៀល​ម្សិលមិញ​នេះ។​

លោកជំទាវ​ អ៊ឹង​ កន្ថាផាវី

លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ខណ្ឌ​កំបូល​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការប្រកួត​ថា​ ពាន​រង្វាន់​ខណ្ឌ​កំបូល​នេះ​គឺ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៩​ មក​ម្ល៉េះ។​ ការពិត​ត្រូវ​រៀបចំ​ការ​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​ ប៉ុន្តែ​ដោយ​វិបត្តិ​កូវីដ​ជា​សកល​ធ្វើ​ឲ្យ​ពាន​រង្វាន់​មួយ​នេះ​ខកខាន​ និង​រៀបចំ​ទើប​តែ​បាន​ ៣លើក​ប៉ុណ្ណោះ។​

លោក​ ឃឹម​ ស៊ុនសូដា​

អភិបាល​ខណ្ឌ​ខាង​លើ​លើក​ឡើង​ទៀត​ថា​ មូលហេតុ​បង្កើត​ឲ្យ​មាន​ពាន​រង្វាន់​នេះ​ឡើង​គោលបំណង​សំខាន់​ឲ្យ​យុវជន​ទាំង​៧​សង្កាត់​ក្នុង​ខណ្ឌ​កំបូល​នេះ​បាន​លេខ​កីឡា​ បង្កើន​មិត្តភាព​ឲ្យ​បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​គឺ​បំផុស​គំនិត​យុវជន​បន្ទាប់​ពី​ការ​សិក្សា​ត្រូវ​លេង​កីឡា​ ពិសេស​ក្នុង​ដំណើរ​ជីវិត​យុវជន​ម្នាក់ៗ​ត្រូវ​មាន​កីឡា​មួយ​ប្រភេទ​ក្នុង​ខ្លួន​ដើម្បី​សុខភាព​ផង​ និង​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​ផង។​

ក្រុមសង្កាត់ស្នោរ A

ស្ថាបនិក​ពាន​រង្វាន់​ខណ្ឌ​កំបូល​បញ្ជាក់​ទៀត​ថា​ ការ​ប្រកួត​នេះ​ក៏​ជា​ឱកាស​សម្រាប់​ខណ្ឌ​ផ្ទាល់​អាច​ជ្រើសរើស​កីឡាករ​ឆ្នើម​ចំនួន​ ២២​នាក់ ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​បាល់ទាត់​អន្តរក្រសួង​ដែល​រៀបចំ​ឡើង​ដោយ​ ស.ស.យ.ក។​

ក្រុមសង្កាត់កំបូល A

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ខណ្ឌ​កំបូល​ លើក​ទី៣​ នេះ​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិលមិញ​នៅ​ទីលាន​បាល់ទាត់​ក្នុង​បន្ទាយ​ឆត្រយោង​ ៩១១​ ក្រោយ​ចំណាយ​ពេល​អស់​ ១៨​ថ្ងៃ​កន្លង​ទៅ។​ ក្រុម​បាល់ទាត់​សង្កាត់​កំបូល A ​ក្លាយ​ជា​ជើងឯក​ ទទួល​បាន​ពាន​១ ​និង​ថវិកា​លើកទឹកចិត្ត​ ៦​លាន​រៀល​ លេខ២​ បាន​លើ​ក្រុម​បាល់ទាត់​សង្កាត់​ស្នោរ A​ ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ចំនួន​ ៤លាន​រៀល​ និង​លេខ៣​ បាន​លើ​ក្រុម​បាល់ទាត់​សង្កាត់​បឹងធំ​ ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ ២​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម