ចូលឆ្នាំខ្មែរជិតមកដល់ហើយ! មកមើល​ស្ថានភាពផ្លូវ វាលរេញ-ត្រពាំងរពៅ វិញ​ម្តងមើល យ៉ាងណាហើយ

  • 2024-04-05 02:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខិតជិត​មកដល់​ មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តព្រះសីហនុ បាន​ធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដើម្បី​ឱ្យប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរជាងមុន។

បើតាម​ការបញ្ជាក់​របស់​អភិបាល​ស្រុកព្រៃនប់ លោក អ៊ី ធារិន បាន​ឱ្យដឹង​ដូច្នេះថា៖ «គិតត្រឹមថ្ងៃទី៤ មេសា ២០២៤ យានយន្តគ្រប់ប្រភេទអាចបើកបរលើកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ- ត្រពាំងរពៅ) ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុបាន មិនសូវពិបាកដូចមុនទៀតទេក្រោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តធ្វើការជួសជុលសម្រួលបណ្តោះអាសន្ន។»

សូមជម្រាប​ថា កំណាត់ផ្លូវនេះមានប្រវែង ២០គីឡូម៉ែត្រ តែងរងការខូចខាតជាប្រចាំ បន្ទាប់ពីសាងសង់រួចក្នុងរយៈពេលខ្លី ដោយសារតែ​ស្ថានភាពដីនៅតំបន់នេះ ជាប្រភេទ​ដីស្អុយ បៀមទឹកខ្លាំង ហើយ​ដើម្បី​ឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។ ​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ស្វែងរក​ថវិកា​ប្រមាណ ៦០លានដុល្លារ ដើម្បី​សាងសង់​តាមស្តង់ដារ និងរឹងមាំបានយូរ។

យ៉ាងណាមិញ មុននឹងអាចឈានទៅអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជួសជុលស្រាល ថែទាំប្រចាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលវេញ) ប្រវែង២០គីឡូម៉ែត្រនេះ។ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានកែលម្អស្ថានភាពផ្លូវ ភ្ជួរ កៀរ កិន បង្ហាប់ ដើម្បីសម្រួលចរាចរណ៍ និងដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវនេះក្នុងល្បឿនមធ្យម៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម