មក​ដឹង​កាល​បរិច្ឆេទ​ប្រកួត Semi Final កម្មវិធី Champions League

  • 2024-04-18 12:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​នៃ​កម្មវិធី UEFA Champions League បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្វិតស្វាញ ហើយ​បាន​បញ្ចប់​ទៅ​នោះ ក្រុម​ចំនួន ៤ បាន​ឈ្នះ​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្រុម​ទាំង ៤ នោះ​រួម​មាន៖ ក្លឹប Borussia Dortmund ក្លឹប Paris Saint Germain ក្លឹប Bayern Munich និង​ក្លឹប Real Madrid។ ខាង​ក្រោម​ជា​ពេល​វេលា និង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រកួត​វគ្គ​ Semi Final នៃ​កម្មវិធី​លីគ​កំពូល​អឺរ៉ុប។

ប្រកួត​បើក​ឆាក​វគ្គ​ Semi Final របស់ UCL ក្នុង​រដូវ​កាល​នេះ គឺ​ការ​ប្រកួត​ជើង​ទី​មួយ​ដែល Bayern Munich ត្រូវ​ប៉ះ​ជាមួយ​ Real Madrid នៅ​ថ្ងៃ​ពុធ​ទី ១ ខែ​ឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា) នៅ​កីឡដ្ឋាន Allianz Arena ដែល​ជា​ទឹក​ដី​របស់ Bayern។ ក្នុង​ប្រកួត​ជើង​ទី​ពីរ Real Madrid ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Estadio Santiago Bernabeu ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Bayern Munich នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី ៩ ខែ​ឧសភា វេលាន​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា)។ ក្នុង​ព្រឹត្តិការណ៍ Champions League ក្លឹប​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ២៦ លើក​រួច​មក​ហើយ ក្នុង​នោះ Real Madrid ធ្លាប់​យក​ឈ្នះ ១២ លើក ឯ​ Bayern ធ្លាប់​មាន​ជ័យ​ជំនះ ១១ ដង ហើយ​ក្រុម​ទាំង​ពីរ​ធ្លាប់​ស្មើ ៣ ប្រកួត។

ដោយ​ឡែក​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ព្រ័ត្រ​មួយ​គូ​ទៀត​គឺប្រកួត​ជើង​ដំបូង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី២ ខែ​ឧសភា វេលា​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា) រវាង Borussia Dortmund និង PSG ក្នុង​ទឹកដី​របស់​ Dortmund គឺ​កីឡដ្ឋាន Signal Iduna Park។ ចំណែក​ឯ​ជើង​ទី​ពីរ​វិញ គឺ​នឹង​ប្រព្រឹត្តិ​នៅ​ទឹកដី PSG វិញ​នា​កីឡដ្ឋាន Parc des Princes ម្ដង​នៅ​ថ្ងៃ​ពុធ​ ទី៨ ខែ​ឧសភា វេលា​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា)។​ ចំពោះ​ប្រវត្តិ​នៃ​ជំនួប​រវាង​គូ​ប្រកួត​ទាំង​ពីរ គឺ​ធ្លាប់​ជួប​គ្នា​សរុប ៤ ដង ក្នុង​នោះ PSG ឈ្នះ ២ លើក Dortmund ឈ្នះ​ម្ដង ហើយ​ស្មើ​គ្នា​មួយ​លើក។

ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​កន្លង​ទៅ Dortmund បាន​យក​ឈ្នះ​ក្លឹប​អេស្ប៉ាញ Atletico Madrid ក្នុង​លទ្ធផល​សរុប ៥ ទល់​នឹង ៤ ខណៈ PSG បាន​បំបាក់ Barcelona ក្នុង​លទ្ធផល ៦ ទល់​នឹង ៤។ ដោយ​ឡែក Real Madrid បាន​យក​ឈ្នះ​ជើង​ឯក​ឆ្នាំ​មុន Manchester City ក្នុង​វគ្គ​ទាត់​បាល់​ពិន័យ ១១​ ម៉ែត្រ​ក្រោយ​ប្រកួត​ស្វិតស្វាញ​ក្នុង​លទ្ធផល​សរុប​ស្មើ​រយៈ​ពេល ១២០ នាទី។ ចំណែក​ឯ Bayern Munich វិញ បាន​យក​ឈ្នះ​ក្លឹប​កាំភ្លើង​ធំ Arsenal ក្នុង​លទ្ធផល​សរុប ៣ ទល់​នឹង ២។

តើ​ក្លឹប​ណា​ខ្លះ​ក្នុង​ចំណោម​ក្លឹប​ទាំង ៤ ដែល​នឺង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ UCL រដូវ​កាល​នេះ?

ប្រភព៖ UEFA   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី