អស់ការអត់ធ្មត់! ណូយ វ៉ាន់ណេត ឲ្យមេធាវីសហការជាមួយមន្ដ្រីក្រសួងមហាផ្ទៃ ចាត់ការអ្នកប្រមាថជីវិតលោក
- 2024-04-24 08:48:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ការអត់ធ្មត់! ណូយ វ៉ាន់ណេត ឲ្យមេធាវីសហការជាមួយមន្ដ្រីក្រសួងមហាផ្ទៃ ចាត់ការអ្នកប្រមាថជីវិតលោក
ចន្លោះមិនឃើញ
មិនមែនជាលើកទីមួយទេដែលជនខិលខូចបានប្រើបណ្ដាញសង្គម ដើម្បីវាយប្រហារ ឬប្រមាថអាយុជីវិតលើសិល្បករ។ ក្រៅពីវីរសិល្បករចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ឥឡូវនេះបានរលដាលដល់តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ទៀត។
គណនីTiktok ឈ្មោះ Bong Nha បានបង្ហោះរូបលោក ណូយ វ៉ាន់ណេត កាន់ក្បាលម៉េក្រូច្រៀង ដោយភ្ជាប់អក្សរ RIP ដែលសំដៅដល់ការស្លាប់ ហើយសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព ត្រូវគេចែករំលែក ហើយចោទជាចម្ងល់យ៉ាងច្រើនថាតើរឿងនេះពិត ឬមិនពិត។ ប៉ុន្ដែម្ចាស់គណនីមិនបានចូលឆ្លើយតបអ្វីឡើយ ហើយការបង្ហោះនោះក៏បានចែករំលែកគ្នាជាបន្ដបន្ទាប់ទៀតឡើងផ្អើលលើបណ្ដាញសង្គម។
ជុំវិញការប្រមាថនេះ លោក ណូយ វ៉ាន់ណេត បញ្ជាក់តាមរយៈ Sabay នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ថា រូបលោកនៅមានជីវិត ហើយពុំមានឈឺអ្វីឡើយ កំពុងរវល់នៅស្រុកកៀនស្វាយ។ រូបលោកផ្ទាល់បានទទួលដំណឹងនេះប្រមាណ ២សប្ដាហ៍ហើយ ហើយបានត្រៀមមេធាវីប្រមូលភស្តុតាង ដើម្បីសហការជាមួយមន្ដ្រីជំនាញបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីចាត់ការលើបុគ្គលដែលប្រមាថអាយុជីវិតលោក។
លោក ណូយ វ៉ាន់ណេត្ដ៖ "ស្អែក ឬខានស្អែកអី...ខ្ញុំមានពេលបន្ដិចនឹងLive បកស្រាយហើយ ហើយឲ្យមេធាវីរបស់ខ្ញុំប្រមូលភស្តុតាងជាមួយសមត្ថកិច្ចចាត់ការវាម្ដង...និយាយទៅវា(ជនខិលខូច)បំពុលរហូតមិនមែនទើបតែម្ដងហ្នឹងទេ ពួកអស់ហ្នឹងទាល់តែធ្វើឲ្យដឹងម្ដង។ ខ្ញុំអីណាស្លាប់ ខ្ញុំនៅច្រងោៗនៅកៀនស្វាយណេះ"។
ដំណឹងអកុសល្យ ឬការប្រមាថលើជីវិតរបស់តារាចម្រៀង ណូយ វ៉ាន់ណេត នៅពេលនេះ គឺបង្កើតការងឿងឆ្ងល់ដល់មន្ត្រីរាជការ និងសិល្បករ-សិល្បការិនីជាច្រើន ដោយអ្នកខ្លះមិនទាន់ដឹងរឿងច្បាស់បានត្រឹមបញ្ចេញសារស្រងេះស្រងោច ហើយបន្តស្វែងរកការពិត។ ប៉ុន្តែតាមរយៈដំណឹងពីសាមីខ្លួនដែលបានបញ្ជាក់នៅពេលនេះ អាចជម្រះមន្ទិលរបស់មហាជនខ្លះហើយ បើទោះបីជាលោកមិនទាន់បានចេញមុខបកស្រាយ ឬបញ្ចេញសារអ្វីសោះនៅលើបណ្ដាញសង្គម ដើម្បីកុំឲ្យមានអ្នកបន្តយល់ច្រឡំថាលោកស្លាប់៕