សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​លោក​ សុផាឆៃ វិរៈភុជុង​ រៀបចំ​អាហារ​សាមគ្គី​ជូន​ក្រុម​បាល់ទាត់​សប្បុរសធម៌​ជា​ការ​អបអរ​

  • 2024-05-03 04:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​​លោក​ សុផាឆៃ វិរៈភុជុង​ ប្រធាន​សមាគម​កីឡា​បាល់ទាត់​កងយោធពលខេមរភូមិន្ទ​ (Tiffy Army FC)​ នៅ​ល្ងាច​ម្សិលមិញ​នេះ​បាន​រៀបចំ​អាហារ​សាមគ្គី​ជូន​ក្រុម​បាល់ទាត់​គុន​ខ្មែរ​អលស្តារ​ និង​ក្រុម​តារា​កម្ពុជា ​ដែល​បាន​បញ្ចប់​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​ជួយ​ពេទ្យ​គន្ធបុប្ផា​កន្លង​ទៅ។​

ឯកឧត្ដម​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​សម្ដែង​នូវ​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ការ​ប្រកួត​សប្បុរសធម៌​កាល​ពី​ថ្ងៃ​ទី១​ ឧសភា​ ២០២៤​ នេះ​មាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ និង​មាន​ការ​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​ដូច​នេះ។​ ថវិកា​ដែល​ប្រមូល​បាន​នេះ​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​យក​ទៅ​សង្គ្រោះ​ជីវិត​ក្មេងៗ​បាន​រាប់​ម៉ឺន​ រាប់​លាន​នាក់​បន្ត​ទៀត​ និង​ជួយ​ការងារ​សប្បុរសធម៌​ផ្សេង​ទៀត​បាន​ច្រើន​ផង។​

លោក​ សុផាឆៃ វិរៈភុជុង​ ប្រធាន​សមាគម​កីឡា​បាល់ទាត់Tiffy Army FC ​បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​រីករាយ​មែនទែន​ចំពោះ​ការ​ប្រកួត​សប្បុរសធម៌​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​ផ្ទាល់​នេះ។​ នេះ​ជា​ក្ដី​ស្រមៃ​របស់​លោក​ពី​មុន​មក​គឺ​ចង់​ឲ្យ​មាន​ការ​ប្រកួត​បែប​សប្បុរសធម៌​ទាំង​នេះ​កើត​ឡើង​ឥលូវ​នេះ​បាន​សម្រេច​ផង​ដែរ។​ ការ​ប្រកួត​នេះ​បាន​បណ្ដុះ​ទឹកចិត្ត​ដល់​យុវជន​ និង​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​តម្លៃ​នៃ​ជីវិត​ ចេះ​ជួយ​សន្ដោស​ប្រណី​គ្នា​ ស្រឡាញ់​គ្នា​ ដែល​ទាំង​នេះ​គឺ​តាម​នាំ​នៃ​ពុទ្ធសាសនា​ផង​ដែរ។​ មាន​តែ​សន្តិភាព​ផ្លូវ​ចិត្ត​ ការ​ចេះ​ជួយ​គ្នា​ ស្រឡាញ់​រាប់អាន​គ្នា​នេះ​ទេ​ដែល​ជា​ផ្លូវ​ត្រឹមត្រូវ​ក្នុង​ជីវិត​មនុស្ស​ ព្រោះ​អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ​គឺ​មិនមែន​ជា​របស់​ម្នាក់ៗ​ជា​រៀង​រហូត​នោះ​ទេ​ ពោល​វា​នឹង​បាត់បង់​ ឬ​មិន​អាច​យក​ទៅ​ជា​មួយនរណា​ឡើយ​នៅ​ពេលដែល​ស្លាប់​ទៅ។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សប្បុរសធម៌​ដ៏​ធំ​មួយ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី១​ ខែ​ឧសភា​ ឆ្នាំ​២០២៤​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដោយ​មាន​៤ក្រុម​ចូលរួម​ប្រកួត​ក្នុង​នោះ​មាន​ S&E AllSTAR ប៉ះ​ Vloger Allstars និង​គូ​ទី២​ គុន​ខ្មែរ​អលស្តារ ប៉ះ ​ក្រុម​តារា​កម្ពុជា។​ ថវិកា​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​ខ្ទង់​ប្រមាណ​ជាង​ ៥លាន​ដុល្លារ​អាមេរិក៕​

អត្ថបទ៖ នួន ស៊ីណា​