Mbappe ទទួល​ខុសគ្រប់យ៉ាង ពេល PSG ចាញ់ Dortmund

  • 2024-05-08 11:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe សុខ​ចិត្ត​ទទួល​ខុស​គ្រប់​យ៉ាង នៅ​ពេល​ក្លឹបយក្ស​បារាំង Paris Saint-Germain ចាញ់​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League។

Dortmund បាន​យកឈ្នះ Paris Saint-Germain ទាំង​ពីរ​ជើង​ ដោយ​​ទាំង​លេង​នៅ​ស្រុក​បារាំង និង​ស្រុក​អាល្លឺម៉ង់ ក្លឹប​នេះ​យក​ឈ្នះ​ក្នុង​លទ្ធផល ១ ទល់​នឹង ០ ទាំង​ពីរ​ជើង។ Dortmund បាន​កក់​កៅ​អី​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ឡុងដុង​ ប្រទេស​អង់គ្លេស​នៅ​ខែ​ក្រោយ​នេះ។

ទាក់ទិ​ន​នឹង​បរាជ័យ​នេះ​ដែរ ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មក​ពី​ខ្លួន​មិន «អារកាត់» គ្រប់គ្រាន់ ពេល​ចំ​មុខ​ទី Dortmund ទើប​បណ្ដាល​ឱ្យ​ខាង ក្លឹប​ប៉ារីស​ចាញ់​ និង​ធ្លាក់​ពី​ Champions League ដូច្នេះ។

កីឡាករ​កើត​ឆ្នាំ ១៩៩៨រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​ព្យាយាម​ជួយ​ក្រុម​របស់​ខ្ញុំ​អស់​ពី​ចិត្ត​ហើយ តែ​ខ្ញុំ​ធ្វើ​មិន​បាន​គ្រប់គ្រាន់... ខ្ញុំ​គួរ​តែ​ជា​មនុស្ស​ដែល​ត្រូវ​​ស៊ុត​ចូល​ឱ្យ​បាន​ច្រើន និង​ត្រូវ​ចេះ​អារកាត់​ជាង​នេះ»។

«នៅ​ពេល​ក្រុម​ឈ្នះ ខ្ញុំ​មាន​មុខមាត់​ ហើយ​នៅ​ពេល​ក្រុម​ចាញ់ ខ្ញុំ​ត្រូវ​តែ​រ៉ាប់រ៉ង​ផង​ដែរ។ ខ្ញុំ​គួរ​តែ​ស៊ុត​ឱ្យ​បាន​ច្រើន​ជាង​នេះ»។ នេះ​បើ​តាម​ការ​បន្ថែម​របស់ Mbappe។

សូម​ជម្រាប​ផង​ដែរ​ថា បើ​តាម​ស្ថិតិ​ក្នុង​ការ​ប្រកួត​រវាង PSG និង Dortmund កាល​ពី​យប់​ថ្ងៃ​អង្គារ ខាង​ក្លឹប​បារាំង​ស៊ុត​ឡើង ៣០ជើង​ឯណោះ តែ​ត្រូវ​គោលដៅ ៥ដង ចំណែក​ឯ Dortmund ស៊ុត ៧ជើង ត្រូវ​គោល​ដៅ ៣ដង ហើយ​ចូល​ទី​បាន​ ១គ្រាប់៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី