Leverkusen ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ជាមួយ​នឹង​កំណត់ត្រា​ថ្មី​នៅ​អឺរ៉ុប

  • 2024-05-10 10:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayer Leverkusen បាន​កក់​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​លំដាប់​ទី២ អឺរ៉ុប UEFA Europa League ក្រោយ​ពី​ប្រកួត​ស្មើ​គ្នា​ជាមួយ​នឹង​ក្លឹប​អ៊ីតាលី AS Roma ក្នុង​លទ្ធផល ២ ទល់​នឹង​ ២ នៅ​ក្នុង​ជើងទី២នៃវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​កន្លង​ទៅ។ កាល​ពី​ជើង​ទី១ ក្លឹប​នេះ​យក​ឈ្នះ​ខាងអ៊ីតាលី​ ២-០។

ក្លឹប​អាល្លឺម៉ង់​នេះ​នឹង​ប៉ះ​ជាមួយ​នឹង​ក្លឹបអ៊ីតាលី Atalanta នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានីឌូប្លីន ប្រទេស​អៀរឡង់ នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ពុធ ២២ ឧសភា ឬ ព្រឹក​ថ្ងៃ​ទី២៣ ឧសភា វេលា​ម៉ោង ២យប់ (ម៉ោង​នៅ​កម្ពុជា)។

កាន់​តែ​ពិសេស​ទៅ​ទៀត ក្លឹប​នេះ​បាន​បំបែក​កំណត់ត្រា​ជា​ក្លឹប​ដែល​លេង​មិន​ដែល​ចាញ់​សោះ​យូរ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប ដោយ​ក្លឹប​នេះ​លេង​មិន​ដែល​ចាញ់​ជាប់​គ្នា​ ៤៩ប្រកួត។ កំណត់ត្រា​ចាស់​កាន់កាប់​ដោយ​ក្លឹប​ព័រទុយហ្គាល់ Benfica តាំង​ពី​ទសវត្ស ១៩៦០ ឯណោះ។

Leverkusen នៅ​ពេល​នេះ​កំពុង​តែ​ដឹកនាំ​ដោយ​លោក​ Xabi Alonso ដែល​ជាអតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ ធ្លាប់​លេង​នៅ Real Madrid និង​Liverpool។ ក្លឹប​នេះ​បាន​បំបាក់​ Bayern Munich ហើយ​យក​ឈ្នះ​ពាន​លីគ​កំពូល​អាល្លឺម៉ង់​នៅ​ក្នុង​រដូវ​កាល ២០២៣/២៤នេះ៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល