សហព័ន្ធខ្មែរកីឡាហែលទឹក៖ ការផ្ដល់ឱកាសពីក្រសួងអប់រំឲ្យរៀបចំការប្រកួតក្នុងស្រុកគឺជួយស្វែងរកកីឡាករ កីឡាការិនីឆ្នើម
- 2024-05-28 09:43:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហែលទឹក៖ ការផ្ដល់ឱកាសពីក្រសួងអប់រំឲ្យរៀបចំការប្រកួតក្នុងស្រុកគឺជួយស្វែងរកកីឡាករ កីឡាការិនីឆ្នើម
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាការផ្ដល់ឱកាសពីក្រសួងអប់រំ យុវជន និងកីឡា ដល់សហព័ន្ធឲ្យរៀបចំការប្រកួតក្នុងស្រុកនានាជាក់ស្ដែងកីឡាសិស្សឧត្ដមសិក្សានេះគឺបានពង្រឹងសមត្ថភាព និងឈានទៅដល់ការស្វែងរកនូវកីឡាករ កីឡាការិនីឆ្នើមចេញទៅប្រកួតនៅក្រៅប្រទេស។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធហែលទឹកបានឲ្យដឹងថា ការប្រកួតក្នុងព្រឹត្តិការណ៍សិស្សឧត្ដមសិក្សាដែលជាការផ្ដល់ឱកាសពីក្រសួងអប់រំ យុវជន និងកីឡា នេះបានជួយដល់សហព័ន្ធបានច្រើនដូចជាការសមត្រៀមចេញប្រកួតកម្រិតអន្តរជាតិ នៃព្រឹត្តិការណ៍កីឡាសិស្សនិស្សិតអន្តរជាតិនៅឥណ្ឌូណេស៊ី និងព្រឹត្តិការណ៍ School Games នៅប្រទេសវៀតណាមជាដើម។
តាមរយៈការប្រកួតសិស្សឧត្ដមសិក្សានេះផងដែរគឺបានរួមចំណែកដល់សហព័ន្ធអាចស្វែងរកនូវកីឡាករ កីឡាការិនីដែលមានគុណផលខ្ពស់ ឈ្នះមេដាយច្រើនជាងគេដើម្បីត្រៀមប្រកួតតំណាងឲ្យកម្ពុជានៅប្រទេសឥណ្ឌូណេស៊ី និងវៀតណាម។ មួយវិញទៀតធ្វើឲ្យសហព័ន្ធមានឱកាសក្នុងការពង្រីកផ្សព្វផ្សាយកីឡាហែលទឹកនេះកាន់តែផុលផុសដល់បណ្ដាសកលវិទ្យាល័យនានានៅកម្ពុជាដែលមានបំណងចង់បង្ហាត់បង្រៀនដល់សិស្សៗរបស់ខ្លួនផងដែរ និងចង់ចូលរួមការប្រកួតកីឡាសិស្សឧត្ដមនៅឆ្នាំក្រោយទៀត។
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកក៏បានដាក់បញ្ចូលឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស នៅឆ្នាំ២០២៤ ដែលទើបបញ្ចប់នេះផងដែរក្នុងចំណោមកីឡាទាំង ១៣ប្រភេទ។ ការប្រកួតកីឡាសិស្សឧត្ដមសិក្សា ឆ្នាំ២០២៤ នេះក៏បានបិទបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ក្នុងវិមានពហុកីឡដ្ឋានជាតិក្រោយប្រកួតអស់រយៈពេលជិត ១០ថ្ងៃកន្លងទៅនេះ៕