មាន​ក្រុម​ល្អ​ប៉ុណ្ណឹង សឿន ហេង សង្ឃឹម​ឈ្នះ​ពាន WSVI នៅតៃវ៉ាន់​ ៧០-៨០%

  • 2024-06-02 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ សឿន ហេង បាន​ដាក់​ក្ដី​សង្ឃឹម​ឈ្នះ​ពាន​រង្វាន់​ Win Streak Volleyball Invitational Tournament (WSVI) នៅ​តៃវ៉ាន់​រហូត​ដល់​ទៅ​ ៧០-៨០% ក្រោយ​ក្លឹប​បាល់ទះ​វិសាខាឈ្នះ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លឹប​បាល់ទះ​ Lavie Long An របស់​វៀតណាម​ ៣-០ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤​ កន្លង​ទៅ​ថ្មីៗ​នេះ​មុនហោះទៅតៃវ៉ាន់។

ការ​ដាក់​ក្ដី​រំពឹង​ច្រើន​បែប​នេះព្រោះ​​រូប​គេ​មើល​ឃើញ​ថា ក្លឹប​បាល់ទះ​វិសាខា​បាន​នាំចូល​កីឡាករ​បារាំង​ល្អៗ​ចំនួន​បី​រូបដែល​ពួកគេ​ ជា​កីឡាករ​លេង​នៅ​ក្លឹប​ធំ​ៗ​នៅ​លីគ A លីគ B របស់​បារាំង និង​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការប្រកួតផ្លូវ​ការ​ធំៗ​។

កីឡាករ​បីរូប​នេះ​មាន​អ្នកប៉ះសេ​ Thomas Gill កម្ពស់​ ១ម៉ែត្រ ៩៨សង់ទីម៉ែត្រអាយុ​២៤ឆ្នាំ ​មក​ពី​ក្លឹប​ Ajaccio ស្មាត់​ស្ដាំជម្រើសជាតិ​បារាំង​ Francois Rebeyrol កម្ពស់ ២០២សង់ទីម៉ែត្រ អាយុ​២៥​ឆ្នាំ មក​ពី​ក្លឹប Nice Volley Ball ស្មាត់​ឆ្វេង Pierre Toledo កម្ពស់​១៩៧សង់ទីម៉ែត្រ អាយុ ២៥​ឆ្នាំ​មក​ពី​ក្លឹប Chaumont VB52។ ទោះបី​ជាយ៉ាងណា សឿន ហេង ប្រាប់​ថា​រូប​គេ​លេង​មិន​ទាន់​ត្រូវ​ជាមួយ​អ្នក​ប៉ះសេ​បារាំង​ឡើយ តែ​សង្ឃឹម​ធ្វើ​បាន​ល្អ​នៅ​តៃវ៉ាន់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រៅ​ពី​កីឡាករ​បារាំង ក្លឹប​បាល់ទះ​វិសាខា​ក៏​បាន​ខ្ចីជើង​កីឡាករ​​កម្ពុជា​ល្អៗ​បីរូប​មក​ពី​ក្លឹប​ពីរ​ផ្សេង​គ្នា​ទៀតគឺ​កីឡាករវ័យ​ក្មេង​ ធី ម៉េងហួង និង​ស្មាត់ស្ដាំ​ មឿន ម៉េងឡាយ របស់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ និង​កីឡាករ​ ចាន់ វាសនា របស់​ក្លឹប​បាល់ទះ​ស្នងការរដ្ឋាន​នគរបាលរាជធានីភ្នំពេញ។

គួរ​ប​ញ្ជាក់​ថា ក្រុម​បាល់ទះ​វិសាខា​ពិតជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ដណ្ដើមពាន​រង្វាន់ Win Streak Volleyball Invitational Tournament ឆ្នាំ​២០២៤ ដោយ​ពួកគេ​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល B នឹង​បាន​យក​ឈ្នះ​ក្រុម​លេខ​១ ពួល​ A របស់​ម៉ាឡេស៊ី Flying Falcon ៣-០ កាល​ពី​ម្សិលមិញឡើង​ទៅ​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួប​ជាមួយជើង​ខ្លាំង​ Win Streak នៅថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២៤ នេះវេលាម៉ោង​៥​ល្ងាច​៕ ​​

អត្ថបទ៖ Um Sopheak