អ្នក​ប្រដាល់​ល្បីឈ្មោះ​ រឿង​ សោភ័ណ្ឌ​ កំពុង​ជួប​ទុក្ខ​ធំ​ឪពុក​មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ស្ថានភាព​មិន​ទាន់​អាច​ប៉ាន់ស្មាន

  • 2024-06-05 05:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​ល្បីឈ្មោះ​នៅ​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ បាន​បង្ហោះ​រូបភាព​ឪពុក​កំពុង​នៅ​មន្ទីរពេទ្យ​ជោរៃ​ អប​ដោយ​ខ្លឹមសារ​ពិបាក​ចិត្ត​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម​ ខណៈ​ស្ថានភាព​ជំងឺ​គ្រូ​ពេទ្យ​ថា​មា​នស្ទះ​សរសៃឈាម​ខួរក្បាល​ត្រូវ​តាមដាន​យ៉ាង​ហោច​ ១សប្ដាហ៍​សិន។​

ឪពុកកីឡាករ រឿង សោភ័ណ្ឌ

បាន​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ រឿង​ សោភ័ណ្ឌ​ ថា​ជំហាន​ដំបូង​នេះ​ខាង​គ្រូ​ពេទ្យ​ប្រាប់​ថា​ឪពុក​របស់​ខ្លួន​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​ត្រូវ​តាមដាន​រយៈពេល​ ១សប្ដាហ៍​សិន​តើ​ស្ថានភាព​អ្នក​ជំងឺ​យ៉ាងណា​ប្រែ​ធូរស្រាល​ ឬ​វិវត្តន៍​ទៅ​មុខ។​

កីឡាករ រឿង សោភ័ណ្ឌ

កីឡាករ​រហស្សនាម​ដៃ​ភ្លើង​ជើង​រន្ទះ​រូប​នេះ​បន្ថែម​ទៀត​ថា​ ជំងឺ​របស់​ឪពុក​គឺ​កើត​ភ្លាមៗ​តែ​ម្ដង​ធ្វើ​ឲ្យ​និយាយ​លែង​កើត​ និង​ទាញវៀចមុខមាត់​ទៀត​ផង។​ ឥលូវ​នេះ​កំពុង​ពិនិត្យ​ និង​តាមដាន​នៅ​មន្ទីរពេទ្យ​ជោរៃ។​ ចំពោះ​ការ​ចំណាយ​ប៉ុន្មាន​ថ្ងៃ​នេះ​ សោភ័ណ្ឌ​ បង្ហើប​ថា​អស់​ច្រើន។​ ពាក់ព័ន្ធ​និង​ការ​ឡើង​ប្រកួត​វិញ​កីឡាករ​រូប​នេះ​ មិន​ទាន់​ដឹង​ថា​សុំ​គេ​ដក​ខ្លួន​វិញ​ ឬ​យ៉ាងណា​នោះ​ទេ​ ព្រោះ​នៅ​មិន​ទាន់​ដល់​ថ្ងៃ​ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា​កំពុង​ពិបាក​ចិត្ត​ និង​នៅ​តាមដាន​ជំងឺ​ឪពុក​ផ្ទាល់។​

កីឡាករ រឿង សោភ័ណ្ឌ

បញ្ជាក់​ដែរ​ថា​ តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​ រឿង​ សោភ័ណ្ឌ​ អំពី​ឪពុក​ដែល​ឈឺ​នេះ​ប្រហែល​ ១-២​ ថ្ងៃ​មុន​នេះ។​ លោក​ឪពុក​ រឿង​ សោភ័ណ្ឌ​ ក៏​ជា​គ្រូ​ប្រដាល់​មួយ​រូប​ដែរ​ដែល​នៅ​ចាំ​បង្ហាត់​ក្មេងៗ​ថ្នាល​ក្នុង​ក្លឹប​របស់​ខ្លួន​ និង​លោក​បាន​ជួយ​មើល​ការ​ខុសត្រូវ​នៅ​ពេល​កូន​ប្រុស​រវល់​ ឬ​ចេញ​ទៅ​ប្រកួត​ម្ដងៗ៕​

អត្ថបទ៖ នួន ស៊ីណា​