​ព្រលានយន្តហោះអន្តរជាតិតេជោ៖ ដំណាក់កាលទី១ ទទួលបានអ្នកដំណើរ ១៣លាននាក់/ឆ្នាំ ចុះបើ​សម្រេចការសាងសង់បានទាំង៣ដំណាក់កាល?

  • 2024-06-07 02:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៧៥,៨% ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។ នេះបើតាមការថ្លែងរបស់​ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ​កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៤ ក្នុងពេល​ចុះពិនិត្យ​វឌ្ឍនភាព​ការងារសាងសង់​អាកាសយានដ្ឋានថ្មីនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) បានខិតខំប្រឹងប្រែង និងព្យាយាមអស់ពីលទ្ធភាព​ដើម្បីសម្រេចការ​សាងសង់ឱ្យ​បានឆាប់​តាមផែនការ​ដូចបានគ្រោងទុក។

ឯកឧត្តមបានសង្កត់ធ្ងន់​ថា ដំណើរទស្សនកិច្ចសិក្សា​ស្វែងយល់នេះ គឺអនុញ្ញាតឱ្យ​ក្រុមហ៊ុនប្រតិបត្តិករទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួន មកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ នៅក្រោយពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់ និងចាប់ផ្តើមប្រតិបត្តិការ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រោងចំណាយ ១៥០០លានដុល្លានេះ បែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គ្រោងនឹងបើកដំណើរការ នៅឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះដែល​អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុង១ឆ្នាំ។

គួរដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F គឺជា​ប្រភេទអាកាសយានដ្ឋានធំ អាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ បន្ថែម​លើសនេះ ក្រុមហ៊ុនវិនិយោគក៏មានមហិច្ឆិតាអភិវឌ្ឍ​ព្រលានយន្តហោះថ្មីនេះ​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី