ផ្លូវជាតិធំៗ២ខ្សែ ទៅកោះកុង គឺផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ នឹងសាងសង់រួចរាល់នៅឆ្នាំក្រោយ
- 2024-06-07 07:45:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិធំៗ២ខ្សែ ទៅកោះកុង គឺផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ នឹងសាងសង់រួចរាល់នៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
នៅឆ្នាំ២០២៥ខាងមុខនេះ ខេត្តកោះកុងនឹងក្លាយជាគោលដៅដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ខណៈផ្លូវជាតិធំៗ២ខ្សែ នឹងសាងសង់រួចរាល់ គឺផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០។
គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ ២០២៤ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិមួយខ្សែនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គ្រោងចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ដោយឡែកសម្រាប់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
ក្នុងគម្រោងផ្លូវជាតិលេខ១០នេះដែរ គឺមានការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលសម្រេចបាន ៤១,៥០% ដោយគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុខែមិថុនា ឆ្នាំ២០២៥។ ស្ពាននេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕