ឆាប់ៗនេះ អ្នកដំណើរអាចជិះរថភ្លើងពីភ្នំពេញ ទៅកំពត កំពង់សោម ២ជើង/ថ្ងៃ! ចង់ចេញទៅព្រឹកក៏បាន ពេលថ្ងៃ​ក៏បាន

  • 2024-06-10 02:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ ខេមបូឌា បាន​ប្រកាសថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន​នឹង​ដាក់ដំណើរការ​រថភ្លើងដឹកអ្នកដំណើរ ២ជើង​ក្នុង​១ថ្ងៃ ពីភ្នំពេញ​ ទៅ​ខេត្តព្រះសីហនុ ដោយ​ចេញដំណើរជារៀងរាល់ថ្ងៃ។

សម្រាប់ម៉ោង​ចេញដំណើរ​ពីភ្នំពេញ គឺនៅម៉ោង ៧ព្រឹក និងម៉ោង ៤រសៀល ដោយឆ្លងកាត់​ស្ថានីយតាកែវ កំពង់ត្រាច កែប កំពត វាលរេញ កំពង់សោម។ ចំណែក​ម៉ោងចេញដំណើរ​ពីក្រុងព្រះសីហនុ ជារៀងរាល់ថ្ងៃផងដែរ គឺនៅម៉ោង ៨ព្រឹក និង​ម៉ោង ២រសៀល។

គួរដឹងថា គម្រោងរថភ្លើង​រត់២ជើងក្នុងមួយថ្ងៃនេះ បន្ទាប់ពីក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ ខេមបូឌា បាន​ទទួលរថភ្លើង​ដែល​បាន​ទិញពីជប៉ុន។

ជាមួយគ្នានេះដែរ ការធ្វើដំណើរចេញពីភ្នំពេញ ទៅ ប៉ោយប៉ែត ក៏នឹង​ធ្វើឡើង​ជារៀងរាល់ថ្ងៃផងដែរ ដោយចេញដំណើរនៅម៉ោង ៦:៤០នាទីព្រឹក។ ខ្សែរថភ្លើងនេះ ឆ្លងកាត់​ ស្ថានីយកំពង់ឆ្នាំង ពោធិ៍សាត់ មោង បាត់ដំបង ថ្មគោល បន្ទាយមានជ័យ និងប៉ោយប៉ែត។ ចំណែក​ការធ្វើដំណើរ​ចេញពីប៉ោយប៉ែត មកភ្នំពេញវិញ គឺនៅម៉ោង ៧ព្រឹក ជារៀងរាល់ថ្ងៃ។

សូមជម្រាប​ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ ខេមបូឌា បាន​ដាក់ឱ្យបើកសាកល្បងរថភ្លើងដែល​ទើបទទួលបាននេះ លើ​ផ្លូវដែកភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ ដោយត្រូវពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។

ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន​នឹងផ្តល់ដំណឹងជូន​នា​ពេលបន្ទាប់ ដោយត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជា២។ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០គីឡូម៉ែត្រ/១ម៉ោង និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០គីឡូម៉ែត្រ/១ម៉ោង៕

អត្ថបទ៖ សំភី