ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា៖ អាជ្ញាកណ្ដាលត្រូវមានសមត្ថភាពខ្ពស់ទើបអាចគ្រប់គ្រងការប្រកួតបានល្អ
- 2024-06-10 04:53:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា៖ អាជ្ញាកណ្ដាលត្រូវមានសមត្ថភាពខ្ពស់ទើបអាចគ្រប់គ្រងការប្រកួតបានល្អ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ថាអាជ្ញាកណ្ដាលត្រូវតែមានសមត្ថភាពខ្ពស់ទើបគ្រប់គ្រង ឬដឹកនាំការប្រកួតទៅបានល្អប្រសើរ។ ដូច្នេះហើយជាអ្វីដែលសហព័ន្ធតែងតែគិតគូរ និងបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាលជាបន្តបន្ទាប់។
ឯកឧត្ដម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសបានឲ្យដឹងថា ចំពោះការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាលគឺសហព័ន្ធតែងតែរៀបចំជាវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ ការបណ្ដុះបណ្ដាលនេះគឺបានជួយដល់សិក្ខាកាមពិសេសមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាលទទួលបានចំណេះដឹងថ្មីៗការវិវត្តន៍ផ្សេងនៃការប្រកួត ការហ្វឹកហាត់ជាដើម។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា ការប្រកួតមួយដំណើរការទៅដោយរលូនបាន និងមិនមានភាពលំអៀង ឬកាន់ជើងខាងណាទៅបានលុះត្រាអាជ្ញាកណ្ដាលមានចំណេះដឹងខ្ពស់ ចំណេះដឹងច្បាស់លាស់ទើបដឹកនាំការប្រកួតនោះដោយមិនមានបញ្ហា។ ហេតុនេះហើយសិក្ខាកាមត្រូវព្យាយាមពង្រឹងសមត្ថភាព និងយកនូវចំណេះដឹងដែលគ្រូៗបង្ហាត់បង្រៀនទៅអនុវត្តន៍ឲ្យបានល្អប្រសើរ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាលថ្នាក់ជាតិរយៈពេល ៥ថ្ងៃកាលពីថ្ងៃទី៣ ដល់ ៧ ខែមិថុនា ឆ្នាំ២០២៤ សាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ។ សិក្ខាកាមចូលរួមសរុប ២៦នាក់ ប្រុស ២២ ស្រី ៤។ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើនេះគឺមានការអញ្ជើញចូលរួមពីឯកឧត្ដម សរ សិទ្ធិ ប្រធានសហព័ន្ធ និងមន្ត្រីថ្នាក់ដឹកនាំសហព័ន្ធជាច្រើនរូបផងដែរ៕