សហព័ន្ធ​តេក្វាន់ដូ​ ITF៖​ ការ​ធ្វើ​តេស្ត​ដំឡើង​ខ្សែក្រវាត់​ជា​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​រីកចម្រើន​របស់​ធនធាន​ ITF

  • 2024-06-11 05:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​ការ​ធ្វើ​តេស្ត​ដំឡើង​ខ្សែក្រវាត់​កាល​ពី​ថ្ងៃ​ទី៩​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នេះ​ជា​ការ​យក​ចិត្ត​ទុកដាក់​ និង​ពិនិត្យ​លើ​ការ​រីកចម្រើន​នៃ​ការ​ហ្វឹកហាត់​របស់​សិស្ស​គុន​ ITF។​

ទិដ្ឋភាពតេស្ត

ថ្លែង​ក្រោយ​បញ្ចប់​ការ​ធ្វើ​តេស្ដ​ដំឡើង​ខ្សែក្រវាត់​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ភាព​រីកចម្រើន​លើ​សមត្ថភាព​ខ្លាំង​របស់​សិស្ស​គុន​នៅ​តាម​បណ្ដា​ក្លឹប​នានា​ទូទាំង​ប្រទេស​ ដូច្នេះសហព័ន្ធ​រួម​ទាំង​គ្រូ​ៗ​សម្រេច​រៀបចំ​ការ​ប្រឡង​នេះ​ឡើង។​

ទិដ្ឋភាពតេស្ត

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា​ ការ​ធ្វើ​តេស្ដ​នេះ​គឺ​មាន​សារ​ប្រយោជន៍​ចំពោះ​កីឡាករ​ កីឡា​ការិនី​ រួម​ទាំង​គ្រូៗ​ ឬ​ចៅក្រម​អាជ្ញាកណ្ដាល​ដែល​បានមក​ប្រឡងដំឡើង​ខ្សែក្រវាត់​នេះ។​ ទី១​ ជា​ការ​យក​ចិត្ត​ទុកដាក់​របស់​សហព័ន្ធ​ចំពោះ​ការ​ខំប្រឹង​ប្រែង​ និង​មាន​សមត្ថភាព​រីកចម្រើន​ឈាន​ដល់​ទទួល​បាន​ការ​ឡើង​កម្រិត​ខ្សែក្រវាត់​ថ្មី។​ ទី២​ បង្ហាញ​ពី​ចំណុច​ខ្វះខាត​ដែល​អ្នក​ចូលរួម​ត្រូវ​បំពេញ​បន្ថែម។​ ទី៣​ ជា​ការ​ដាស់តឿន​ដល់​គ្រូៗ​ដែល​ត្រូវ​ពង្រឹង​សមត្ថភាព​ក្បាច់​គុន​ និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់​តែ​ខ្ពស់​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ដើម្បី​បង្ហាត់​បង្រៀន​សិស្ស​គុន​កាន់​តែ​ល្អ​ប្រសើរ។​ ទី៤​ បាន​មើល​ឃើញ​ពី​ភាព​រីកចម្រើន​ និង​ចំណុច​ត្រូវ​កែលំអ​របស់​ក្រុម​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​ប្រទេស​ឥណ្ឌា​ អំឡុង​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០២៤​ ខាង​មុខ។​

ទិដ្ឋភាពតេស្ត

បញ្ជាក់​ដែរ​ថា​ ការ​ធ្វើ​តេស្ដ​សមត្ថភាព​ដំឡើង​ខ្សែក្រវាត់ កីឡាករ​ កីឡា​ការិនី​ រួម​ទាំង​គ្រូៗ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៩​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ក្នុង​សាល​ហ្វឹកហាត់​នៃ​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំពោះ​អ្នក​ចូលរួម​តេស្ដ​ទាំង​អស់​សរុប​មាន​ចំនួន​ ៤១នាក់​ មក​ពី ​៩ក្លឹប​តាម​បណ្ដា​រាជធានី-ខេត្ត៕​

ទិដ្ឋភាពតេស្ត

អត្ថបទ៖ នួន ស៊ីណា​