បុណ្យ​មហា​ផ្កា​ប្រាក់​សាមគ្គី​ នៅ​ខេត្ត​សៀមរាប​ នឹង​មាន​ពិធី​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន​ ១០៨​អង្គ​

  • 2024-06-21 06:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ប្រពៃណី​សាសនា​ «បុណ្យ​មហា​ផ្កា​ប្រាក់​សាមគ្គី​» ដែល​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ខេត្ត​សៀមរាប​ ខាង​មុខ​នេះ​នឹង​មាន​ពិធី​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន​ ១០៨​អង្គ​ រួម​ទាំង​មាន​កម្មវិធី​សម្ដែង​ល្ខោន​ស្បែក​តូច​ ល្ខោន​ស្បែក​ធំ​ទៀត​ផង។​

ឧកញ៉ា​ សុខ គង់

ពិធី​បុណ្យ​​ខាង​លើ​នេះ​ផ្ដួចផ្ដើម​ឡើង​ដោយ​ឧកញ៉ា​បណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល​ ឯកឧត្តម​ ប្រាក់ សោភ័ណ ​អភិបាល​ខេត្តសៀមរាប ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​រាជការ​ជុំ​វិញ​ខេត្ត​សហការ​ជ្រះថ្លា​ជា​មួយ​ពុទ្ធបរិស័ទ​ទាំង​ ២៥ រាជធានី-​ខេត្ត​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា។​ គោលបំណង​ផ្តើម​ប្រារព្ធ «ពិធី​បុណ្យ​មហា​ផ្កា​ប្រាក់​សាមគ្គី»​ ដើម្បី​ចូលរួម​ចំណែក​កសាង​ព្រះ​ពុទ្ធប្បដិមា​ដ៏​ធំ​ស្កឹមស្កៃ​កម្ពស់ ​១០៨ម៉ែត្រ​នៅ​លើ​ខ្នង​ភ្នំបូកគោ​ដែល​គម្រោង​កសាង​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ ៦០លានដុល្លារអាមេរិក។​

ទិដ្ឋភាពពិធីបុណ្យកន្លងទៅ

ពិធី​បុណ្យ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល ​៣​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃទី​ ២៨ ដល់​ ៣០ ខែ​មិថុនា​ ឆ្នាំ២០២៤​ នៅ​សណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។ ថ្ងៃទី១ ​ធ្វើ​បទនមស្សការ​ព្រះរតនត្រ័យ ​សមាទានសីល​ និង​និមន្ត​ព្រះសង្ឃ​ចម្រើន​នូវ​ព្រះពុទ្ធមន្ត​ជា​មង្គល​ដ៏​ឧត្តម។ ថ្ងៃទី២ មានពិធីដង្ហែមហាផ្កាប្រាក់សាមគ្គីតាមរថយន្តដោយមានរៀបចំក្បួនដូចជា៖ ផ្កាប្រាក់ ​រូបតំណាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និង​វង់ភ្លេង​ពិណពាទ្យ។ ​ព្រឹកថ្ងៃទី៣ នឹង​មាន​ពិធី​ដាក់​បាត្រព្រះសង្ឃចំនួន ១០៨ ជាកិច្ចបង្ហើយបុណ្យ។

ទិដ្ឋភាពពិធីបុណ្យកន្លងទៅ

ជា​មួយ​គ្នា​នោះ​ដែរ​ សុខាអូតែល ​ក៏​មាន​រៀបចំ​ស្តង់​លក់​ទំនិញ​ អាហារ​ ភេសជ្ជៈ​ និង​មាន​កម្មវិធី​សម្ដែង​​ល្ខោន​ស្បែក​តូច​ ល្ខោន​ស្បែក​ធំ​ដោយ​ក្រុម​សិល្បៈ​ វត្តរាជបូណ៌ ​ខេត្ត​សៀមរាប​ផង​ដែរ។ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និង​ពុទ្ធបរិស័ទ​អាច​ចូលរួម​បាន​គ្រប់ៗគ្នា​ដើម្បី​ទទួល​យក​នូវ​ផលានិសង្ស​តាម​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន​ដោយ​សេចក្ដី​សោមនស្ស។ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ​សូមទំនាក់ទំនង: 031 7777 108៕

រូបភាពគំរូព្រះ​ពុទ្ធប្បដិមា​
ទិដ្ឋភាពកំពុងសាងសង

អត្ថបទ៖ នួន ស៊ីណា​