មើលជើងបារាំង និងហុល្លង់ មុនប៉ះគ្នាយប់នេះ
- 2024-06-21 09:52:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលជើងបារាំង និងហុល្លង់ មុនប៉ះគ្នាយប់នេះ
ចន្លោះមិនឃើញ
មាន់គកបារាំង នឹងប៉ះ ហុល្លង់ នាយប់នេះវេលាម៉ោង២រំលងអាធ្រាត្រ នៅទឹកដី Red Bull Arena ដែលជាការប្រកួតដ៏សំខាន់ដោយក្រុមណាឈ្នះនឹងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយមុននៃពានរង្វាន់ EURO 2024 ប្រចាំពូល D ។
ចាប់ផ្ដើមការប្រកួត បារាំង បានយកឈ្នះទៅក្រុមអូទ្រីស១-០ កាលប្រកួតទី១ ខណៈក្រុមហុល្លង់បានយកឈ្នះទៅលើក្រុមប៉ូឡូញ២-១។ ជ័យជម្នះដូចគ្នាកាលប្រកួតទី១របស់ក្រុមទាំងពីរមានន័យថា យប់នេះក្រុមណាឈ្នះនឹងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយប្រចាំពូល D ។
កាលប្រកួតមុន Ronald Koeman បានសម្រេចចិត្តមួយដ៏ត្រឹមត្រូវតាមរយៈការប្ដូរជើងស៊ុត Memphis Depay ចេញនៅចុងម៉ោង និងបានដាក់បញ្ចូលដោយអតីតកីឡាករបិសាចក្រហម Wout Weghorst ឲ្យចូលជំនួស និងបានរកគ្រាប់បាល់ជ័យជម្នះ ២-១។ ងាកមកក្រុមបារាំងវិញជ័យជម្នះ១-០ ទល់ក្រុមអូទ្រីសកាលប្រកួតទី១គឺដោយសារការធ្វើឲ្យចូលទីខ្លួនឯងដោយកីឡាករ Maximilian Wober យ៉ាងណាដ្បិតថាឈ្នះការប្រកួតនោះមែនប៉ុន្តែ Kylian Mbappe បានធ្វើឲ្យខកខានឱកាសជាច្រើនហើយបន្ថែមលើសពីនោះគេបានរងរបួសបាក់ខ្ទង់ច្រមុះថែមទៀតផងបន្ទាប់ពីលោតតែតប៉ះទង្គិចជាមួយស្មាកីឡាករ Kevin Danso របស់អូទ្រីស។
៦ប្រកួតចុងក្រោយរបស់ ហុល្លង់ឈ្នះ៥ចាញ់តែម្ដងប៉ុណ្ណោះគឺចាញ់អាល្លឺម៉ង់២-១ក្នុងជំនួបមិត្តភាព ខណៈដែលក្រុមជម្រើសជាតិបារាំង៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ២និងចាញ់១ដូចគ្នា ហើយការចាញ់របស់បារាំងគឺចាញ់អាល្លឺម៉ង់ក្នុងជំនួបមិត្តភាពដូចគ្នា។
ជើងកីឡាករ ហុល្លង់គ្មានកីឡាកររងរបួសឬមានបញ្ហាទេកាលប្រកួតមុនដែលយកឈ្នះប៉ូឡូញ ២-១ នោះ ខណៈដែល Brian Brobbey ដែលអវត្តមានកាលប្រកួតមុនដោយសារបញ្ហារបួសសរសៃពួរក៏បានវិលចូលហ្វឹកហាត់វិញជាមួយមិត្តរួមក្រុមនាថ្ងៃនេះ។ ដូច្នេះ Ronald Koeman មានជម្រើសជាច្រើនក្នុងការដាក់ឲ្យលេងទល់បារាំងយប់នេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានផ្សាយជុំវិញការរងរបួសរបស់ Kylian Mbappe គឺគេនឹងអង្គុយនៅកៅអីបម្រុងនាយប់នេះ បើទោះជាគេបានចូលហាត់វិញដោយពាក់របាំងមុខក៏ដោយ ហើយអ្នកចាត់សញ្ជាតិបារាំងលោក Deschamps នឹងប្រើកីឡាករវ័យ៣៧ឆ្នាំ Olivier Giroud នៅតំបន់ប្រយុទ្ធកណ្ដាល។ Eduardo Camavinga បានរបួសកជើង និងមិត្តរួមក្រុម Aurelien Tchouameni របួសជើងបន្តិចបន្តួច ប៉ុន្តែត្រូវបានគេរំពឹងថា នឹងអាចចូលលេងធម្មតា។ ចំណែក N'Golo Kante ដែលបានឈ្នះជាកីឡាករលេងល្អកាលប្រកួតមុននោះក៏នឹងរ៉ាប់រងនៅតំបន់បម្រើការពារដដែល។
ដូច្នេះជម្រើសដំបូងរបស់ក្រុមទាំងពីរអាចជា៖ ហុល្លង់ ៖ Verbruggen; Dumfries, De Vrij, Van Dijk, Ake; Schouten, Veerman; Simons, Reijnders, Gakpo; Depay ។
បារាំង៖ Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Rabiot; Dembele, Griezmann, Thuram; Giroud ៕