សម្តេចតេជោ៖ ចិន មាន Wechat, វៀតណាម មាន Zalo, កូរ៉េខាងត្បូង មាន Kakao Talk ឯកម្ពុជាមាន CoolApp ដែលបរទេស​ពិបាក​ជ្រៀតជ្រែកយកព័ត៌មាន

  • 2024-06-24 03:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្រាប់​ការប្រើប្រាស់​កម្មវិធី CoolApp ដែល​កូនខ្មែរបានផលិត គឺ​សម្តេច​ត្រូវគិត​ពីសុវត្ថិភាព​សម្រាប់​សន្តិសុខជាតិ ដែល​បរទេស​ពិបាកជ្រៀតជ្រែក​យកព័ត៌មានពី​យើងបាន។

សម្តេចបាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៤ យ៉ាងដូច្នេះថា៖ «ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។ រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។»

CoolApp ប្រើប្រព័ន្ធរក្សាការសម្ងាត់​បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់អ្នកប្រើប្រាស់​ទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។

សម្តេច​បាន​ឱ្យដឹងទៀតថា សម្តេចបានឹងកំពុងប្រើ ៨ប្រព័ន្ធ​ រាប់ទាំង CoolApp ថ្មីផង ដោយសម្តេចបានមើលឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖

១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។

២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។

៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។

សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត៕

អត្ថបទ៖ សំភី